ចាប់​ច្រវា​សម្លឹង​ត្រើយ on NEC reform

Op-Ed: Post Khmer

អ្នក​បោះ​ឆ្នោត​នៅ ខេត្ត​កំពង់ចាម ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​កាល​ពី ខែ​កក្កដា ឆ្នាំ​២០១៣។

អ្នក​បោះ​ឆ្នោត​នៅ ខេត្ត​កំពង់ចាម ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​កាល​ពី ខែ​កក្កដា ឆ្នាំ​២០១៣។ហេង ជីវ័ន

ចាប់​ច្រវា​សម្លឹង​ត្រើយ

Wed, 11 March 2015

មុន​នឹង​ចាប់​ផ្តើម​ចែក​រំលែក​នូវ​ការ​យល់​ឃើញ​ខ្លះៗ​ផ្ទាល់​ខ្លួន ខ្ញុំ​សុំ​រំឭក​មិត្ត​អ្នក​អាន​ទាំង​អស់​សូម​ចាំ​ថា លទ្ធផល​នៃ​កំណែ​ទម្រង់ គ.ជ.ប កើត​ចេញ​ពី​ការ​ចរចា​គ្នា​រវាង​បក្ស​ពីរ ដូច​នេះ គ្មាន​អ្វី​ដាច់​ខាត ហើយ​គ្មាន​អ្វី​ឥត​ខ្ចោះ​នោះ​ទេ អ្វីៗ​មិន​បាន​ដូច​ចិត្ត​ទាំង​អស់​នោះ​ទេ។ សឹមៗ​កុំ​បំបោល ក្រែង​មិន​ដល់ ដូច​ប្រាថ្នា។

ទី១. ផ្តើម​ចេញ​ពី​ការ​ថែម​អាសនៈ​ពី ១ ទៅ ៣ នៅ​មណ្ឌល​កំពង់​សោម។ សង្គ្រោះ​ជាតិ​ចង់​បាន​ពីរ តែ​ប្រជាជន​ចង់​បាន​បី។ ចង់​ពីរ​មិន​ព្រម បើ​មិន​យក​បី មាន​តែ​អត់។ ការ​ពិត​បើ​និយាយ​ពី​ចំនួន គឺ​ច្បាស់​ជា​ចាញ់​ប្រៀប បក្ស​ប្រជាជន តែ​បើ​និយាយ​ពី​នយោបាយ គឺ​សង្គ្រោះ​ជាតិ​បាន​បោះ​មួយ​ជំហាន ពី​ខេត្ត​ដែល​មិន​អាច​ឈរ​ជើង​បាន ទៅ​ជា​បង្កើត​បាន​ជា​បន្ទាយ​មួយ​សម្រាប់​ឈរ​ជើង​ហើយ​ជា​បន្ទាយ​សម្រាប់​ខ្សែ​រាជវង្ស​ចូល​ក្នុង​នយោបាយ​ជាតិ​ផង។ ទីបំផុត​ទៅ អ្នក​ណា ២ អ្នក​ណា ១ នៅ​មិន​ទាន់​ដឹង​ទេ។ នយោបាយ​ដូច​បាល់​មូល។ នយោបាយ​មាន​ពីរ​ផ្លូវ ថា​តើ​វាយ​ពី​ក្រៅ ឬ​វាយ​ពី​ខាង​ក្នុង។ កម្លាំង​ច្រើន​វាយ​ព័ទ្ធ​ពី​ក្រៅ កម្លាំង​តិច​ធ្វើ​សង្គ្រាម​ផ្កា​រីក។

ទី២. បើ​និយាយ​ពី​ការ​បោះ​ឆ្នោត គេ​និយាយ​ពី​ចំណុច​ធំ​ពីរ ថា​តើ​សមាសភាព គ.ជ.ប ឯករាជ្យ​ទេ អព្យាក្រឹត​ទេ ឬ​តុល្យភាព​ទេ ហើយ​ការ​អនុវត្ត​ការងារ​របស់ គ.ជ.ប បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ទេ។ និយាយ​ពី​ការ​អនុវត្ត​ច្បាប់ បង្កើត​ច្បាប់ ត្រូវ​មើល​មនុស្ស។ ជា​ការ​ពិត​សមាសភាព គ.ជ.ប ថ្មី​នេះ មិន​ឯករាជ្យ មិន​អព្យាក្រឹត​ទេ ព្រោះ​បញ្ជូន​ទៅ​ពី​បក្ស ៤ ទល់ ៤ មាន​តែ​អ្នក ទី៩ ទេ ដែល​ឯករាជ្យ តែ​ប្រព័ន្ធ​នេះ​គឺមាន​តុល្យភាព រក្សា​នូវ​លំនឹង​រវាង​ភាព​ត្រូវ​និង​ខុស ដែល​ពី​មុន​គ្រប់​គ្រង​ផ្តាច់​មុខ​ដោយ​បក្ស​តែ​មួយ ដូចនេះ គ.ជ.ប ថ្មី​គឺ​ប្រសើរ​ជាង​មុន ក្នុង​ការ​គ្រប់​គ្រង ចាត់​ចែង ដឹក​នាំ សម្រេច​ចិត្ត។ បើ​បាន​ចំណែក​គ្រប់​គ្រង គ.ជ.ប ហើយ ស្រាប់​តែ​មាន​បក្ស​ណា ចោល​ម្សៀត​ធ្វើ​មិន​កើត ហៃ​អើ​តាម​តែ​គេ ពេល​នោះ ចាំ​កាប់​ក៏​មិនទាន់​ហួស​ពេល​ដែរ។ គ្មាន​អ្នក​ណា ធ្វើ​អត្តឃាត​ខ្លួន​ឯង​ទេ មាន​តែ​មនុស្ស​ឆ្កួត។

ទី៣. ការ​សម្រេច​ចិត្ត​ជា​ទូទៅ​របស់ គ.ជ.ប គឺ​ប្រើ​ប្រព័ន្ធ​ឆ្នោត ៥០ ភាគរយ បូក ១ មាន​តែ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់ គ.ជ.ប ទេ ដែល​តម្រូវ​ឲ្យ​យក​សំឡេង​ភាគ​ច្រើន ដោយ​ប្រៀប ២/៣។ បទ​បញ្ជា​ផ្ទៃ​ក្នុង សម្រាប់​ការ​ធ្វើ​ការងារ​ជា​ប្រចាំ​ថ្ងៃ​របស់ គ.ជ.ប ត្រូវ​ចេញ​ពី ២/៣ តើ​មាន​អ្នក​ណា​ថា ការងារ​មិន​ដើរ​ល្អ? បក្ស​ប្រជាជន គឺ​ប្រាកដ​ជា​ទាមទារ​ធ្វើ​ជា​ប្រធាន គ.ជ.ប ចំណែក​អនុ​ប្រធាន គឺ​សង្គ្រោះ​ជាតិ។ ក្នុង​ករណី ៤ ទល់ ៤ សំឡេង​ប្រធាន​មាន​ឧត្តមានុភាព ដែល​មាន​ន័យ​ថា មាន​អំណាច​អាច​សម្រេច​ចិត្ត​បាន។ អាច​ទៅ​កើត វា​ទាល់​តែ​បុគ្គល​ឯករាជ្យ​ម្នាក់ ទី៩ នោះ អនុបវាទ ឬ​ត្រូវ​គេ​គំរាម​សន្តិសុខ មិន​អាច​មក​ប្រជុំ​សម្រេច​កិច្ចការ​សំខាន់ៗ​បាន ដូច​នេះ ដើម្បី​ដោះ​ស្រាយ បញ្ហា​នេះ សមាជិក គ.ជ.ប អាច​ស្នើ​សុំ​ការ​ការពារ​សន្តិសុខ​បាន ក្នុង​ករណី​ចាំបាច់។ អាច​មាន​មតិ​លើក​ឡើង​ថា អាជ្ញាធរ​ជា​របស់​រដ្ឋាភិបាល អ៊ីចឹង​ក្រែង​លោក​ចុះ​ទឹក​ក្រពើ​ឡើង​លើ​ខ្លា។ ដូច​នេះ​ហើយ​បាន​អាទិភាព​របស់​អ្នក​នយោបាយ​គឺ​កំណែ​ទម្រង់​ស្ថាប័ន​ជាតិ​ធំៗ ដើម្បី​ជួយ​ទប់​គ្នា។

 

ទី៤. ការ​ចាយ​វាយ​ក្នុង​ការ​បោះឆ្នោត ត្រូវ​ធ្វើ​ឡើង​តាម​គណនី​តែ​មួយ​របស់​គណបក្ស​នីមួយៗ មិន​អាច​ប្រើ​ប្រាស់​ថវិកា​គ្រប់​ច្រក​ស្រេច​ចិត្ត​នោះ​ទេ។ រាល់​ចំណូល​ចំណាយ ទាំង​អស់​ត្រូវ​ដាក់​ក្នុង​សៀវភៅ​គណនី​តែ​មួយ​គត់។ លើស​ពី​នេះ គ.ជ.ប អាច​ពិនិត្យ​មើល​សៀវភៅ​គណនី​លើ​ការ​ចំណាយ​ទាំង​ឡាយ​របស់​គណបក្ស​នីមួយៗ​បាន។ នៅ​ពេល គ.ជ.ប អាច​ចាប់​ខ្សែ​ចំណូល​ចំណាយ​បាន​ហើយ គឺ គ.ជ.ប អាច​គ្រប់​គ្រង​ជីវិត​បក្ស​បាន​បី​ភាគ​ដែរ។ ក្នុង​ករណី​នេះ​មិន​មាន​បក្ស​ណា ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ។

ទី៥. ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ថ្មី ក៏​អនុញ្ញាត​ឲ្យ​បព្វជិត​អាច​លាចាក​សិក្ខាបទ​ទៅ​ឈរ​ឈ្មោះ​ធ្វើ​ជា​តំណាង​រាស្ត្រ​បាន។

ទី៦. ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត នៅ​ឆ្នាំ​បោះ​ឆ្នោត អាច​ធ្វើ​ការ​បន្ថែម​ឲ្យ​លើស​រហូត​ដល់ ៥០ ថ្ងៃ។ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ត្រូវ​ធ្វើ​ថ្មី។ ការ​ចុះ​ឈ្មោះ​ថ្មី​គ្រាន់​តែ​ប្រើ​បញ្ជី​ចាស់​ជា​គោល តែ​ការ​ចុះ​គឺ​អនុវត្ត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី យក​ស្នាម​ម្រាម​ដៃ ១០ ម្រាម ដូច​នេះ​មិន​មាន​ជន​ណា ដែល​អាច​បោះ​ឆ្នោត បាន​ពីរ​កន្លែង ឬ​លក់​ឈ្មោះ​ខ្លួន ធ្វើ​ខ្មោច​ឲ្យ​បោះ​គ្រប់​កន្លែង​ស្រេច​ចិត្ត​ទៀត​ទេ ហើយ​ក៏​មិន​មាន​អ្នក​ណា អាច​ចុះ​ឈ្មោះ​ពីរ​ដង​ដែរ ព្រោះ​ប្រព័ន្ធ​បច្ចេកវិទ្យា​នឹង​ចង្អុល​បង្ហាញ​ការ​ខុស​ច្បាប់ ហើយ​ច្បាប់​នឹង​ដាក់​ទោស ធ្ងន់​ធ្ងរ​ពីបទ​ក្លែង​ក្លាយ ឬ​បន្លំ​អត្ត​សញ្ញាណ។

ទី៧. ការ​រំលាយ​អាសនៈ​បក្ស​ជាប់​ឆ្នោត ដែល​បាន​ពហិការ ដោយ​យក​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ដទៃ ក្នុង​សភា ត្រូវ​បាន​ចង​ដោយ​ពាក្យ ការ​បោះ​ឆ្នោត ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។ មាន​ន័យ​ថា បើ​ការ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​ប្រកាស​លទ្ធផល​ដោយ គ.ជ.ប ជាមួយ​នឹង​ភាព​សេរី ត្រឹម​ត្រូវ យុត្តិធម៌ នោះ​នឹង​គ្មាន​ការ​ធ្វើ​ពហិការ​ទេ តែ​បើ​ការ​បោះ​ឆ្នោត​ត្រូវ គ.ជ.ប ប្រកាស​ថា មិន​សេរី ត្រឹម​ត្រូវ ឯករាជ្យ​ទេ នោះ​ការ​ធ្វើ​ពហិការ នឹង​នៅ​តែ​មាន​ក្រោយ​ការ​បោះ​ឆ្នោត​ដដែល​ទេ​តើ។ សួរ​ថា បើ​អ៊ីចឹង សំឡេង​ខ្លួន​ត្រូវ​គេ​យក​ទៅ​ចែក​អ្នក​ផ្សេង​បាត់​ហើយ​តែ​បើ​និយាយ​អ៊ីចឹង ទៅ​ខ្វល់​អី​បើ​គេ​ចង់​ធ្វើ​ទោះ​អត់​ច្បាប់​ក៏​នៅ​តែ​ធ្វើ​បាន​ដែរ សំខាន់​គឺ​កម្លាំង​មហាជន​ទេ​តើ បើ​នាំ​គ្នា​ចូល​ភ្នំពេញ ១ លាន​នាក់ ទោះ​ទេវតា​ថ្លើម​ធំ​ប៉ុន​មេឃ ក៏​មិន​ហ៊ាន​ដែរ លើស​ពី​នេះ​សហគមន៍​អន្តរជាតិ​ក៏​គេ​មិន​នៅ​ស្ងៀម​ដែរ។

ទី៨. អង្គការ​សង្គម​ស៊ីវិល នៅ​តែ​អាច​ធ្វើ​ការងារ​ខ្លួន​បាន​ជា​ធម្មតា ជា​ប្រក្រតី​ទេ​តើ វា​លើក​លែង​តែ​ចេញ ជេរ​ប្រមាថ​បក្ស ឬ​បុគ្គល​អ្នក​នយោបាយ ឬ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នយោបាយ​ទេ ដែល​ខុស​ច្បាប់ កាល​ណា​ជេរ​គេ ប្រមាថ​គេ ថ្លែង​នយោបាយ​ហើយ វា​ខុស​នឹង​ច្បាប់​ហើយ។ កង​កម្លាំង​ប្រដាប់​អាវុធ ក្រៅ​ម៉ោង អាច​ចូល​រួម​ឃោសនា​បោះ​ឆ្នោត​បាន។ ចំណែក​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល ឬ​នាយក​អង្គការ​ក៏​ដោយ ក្រៅ​ម៉ោង គឺជា​ពលរដ្ឋ​ខ្មែរ​ទេ​តើ មាន​អី​ដែល​ថា ចូល​ឃោសនា​មិន​បាន។ បើ​មាន​ពាក្យ​ប្តឹង​ប្ដល់ គឺ​ប្តឹងទៅ គ.ជ.ប។ គ.ជ.ប ៤ ទល់ ៤ ទេ​តើ។ បើ​ធ្វើ​ត្រូវ​ច្បាប់​ហើយ គ.ជ.ប នៅ​សម្រេច​ឲ្យ​ចាញ់​ទៀត​នេះ​ទើប​និយាយ​មិន​ចេញ។

ទី៩. រយៈ​ពេល​នៃ​ការ​ឃោសនា បន្ថយ​ពី ៣០ ថ្ងៃ ដង្ហែ​រាល់​ថ្ងៃ មក​ជា ២១ ថ្ងៃ ដង្ហែ ៤ ដង តាម​មណ្ឌល​ខេត្ត ក្រុង រាជធានី។ មែន​ទែន​ទៅ បើ​អ្នក​ធ្លាប់​ធ្វើ​នយោបាយ រយៈ​ពេល​ឃោសនា​យូរ​ពេក​គណបក្ស​មួយៗ ក៏​រីង​ខ្លួន​ដែរ គ្មាន​លុយ​ឯណា​ទៅ​ចាយ​មួយ​ថ្ងៃៗ​រាប់​សែន​ដុល្លារ​នោះ​ទេ។ លើស​ពី​នេះ បើ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ តាម​ទូរទស្សន៍​ហើយ អាច​ធ្វើ​ការ​ផ្សាយ​គ្រប់​កន្លែង​ហើយ គ្មាន​អ្វី​ត្រូវ​ចាំបាច់​ចំណាយ​ពេល​ឃោសនា​ដង្ហែ​ក្បួន ច្រើន​នោះ​ទេ។ កន្លង​ទៅ​ដង្ហែ​ក្បួន​ច្រើន គឺ​ដោយ​សារ​តែ​គ្មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដូចជា​ទូរទស្សន៍។ ម្យ៉ាង​ការ​ដង្ហែ​ក្បួន​កន្លង​ទៅ គឺ​សម្រាប់​តែ​រៀបចំ​តែ​កម្មវិធី​ឲ្យ​មេៗ​បក្ស​ដើរ​ជួប​អ្នក​គាំទ្រ​ទេ​តើ។ ពលរដ្ឋ​ចាប់ផ្តើម មាន​គុណភាព​សម្រេច​ចិត្ត និង​ផ្តោត​លើ​គោល​នយោបាយ ជាង​បុគ្គល​អ្នក​នយោបាយ។

ទី១០. ការ​បង្កើត​ឲ្យ​មាន​មណ្ឌល​ឆ្នោត​នៅ​តាម​ព្រំដែន​នឹង​ត្រូវ​បង្កើត​ឡើង​សម្រាប់​ពលករ​ចំណាក​ស្រុក អាច​មក​បោះ​ឆ្នោត​បាន។ ឧទាហរណ៍ ដូច​ជា​កម្មករ ៦០ ម៉ឺន​នាក់​ក្នុង​ប្រទេស​ថៃ​ជាដើម។ យ៉ាង​ណា គឺ​កាត់​បន្ថយ​ចំណាយ និង​ផ្លូវ​ពាក់​កណ្តាល​ដែរ។ បើ​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​តាម​ស្ថានទូត​មិន​កើត មិន​មែន​ដោយ​សារ​តែ​បច្ចេកទេស​ទេ តែ​រដ្ឋាភិបាល បាន​សារភាព​ថា ស្ថានទូត​ខ្មែរ​នៅ​ក្រៅ មិន​ទាន់​គ្រប់​គ្រង​បាន​នូវ​ទិទ្នន័យ​ខ្មែរ មាន​ន័យ​ថា មិន​ដឹង​ថា ខ្មែរ​នៅ​ក្រៅ​ក្នុង​ប្រទេស​មួយៗ​នឹង​ប៉ុន្មាន​នាក់​ផង ទើប​ធ្វើ​មិន​កើត។

ទី១១. អត្ត​សញ្ញាណ​បោះឆ្នោត​គឺ​ប្រើ​តែ​មួយ​ទេ​គឺ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ធ្វើ​បែប​នេះ កុំ​ឲ្យ​មាន​ការ បន្លំ​ឯកសារ​អត្តសញ្ញាណ​ច្រើន។ ចំពោះ​ពលរដ្ឋ​ដែល​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ នឹង​តម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់ អត្ត​សញ្ញាណ ដែល​មាន​ត្រា​ពីរ គឺ​ត្រា​ឃុំ និង​ត្រា​គណៈកម្មការ​បោះ​ឆ្នោត​ឃុំ។ ថា​ត្រា​ឃុំ​ចុះ​ចេញ​ដោយ​អាជ្ញាធរ​ឃុំ មាន​ស្មៀន​ជាដើម តែ​គណៈ​កម្មការ​បោះឆ្នោត​ឃុំ រើស​ដោយ គ.ជ.ប ដែល​ចេញ​ពី ៤ ទល់ ៤ ទេ​តើ។ វិធី​នេះ ទប់​គ្នា​បាន​ហើយ។ ម្យ៉ាង​ទៀត ការ​ចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ ត្រូវ​យក​ព័ត៌មាន​ពី​ក្រសួង​មហាផ្ទៃ​យក​ទៅ​ប្រើ។ មិន​ទាន់​ចេញ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​មែន តែ​មិន​មែន​មាន​ន័យ​ថា ក្រសួង​មហាផ្ទៃ មិន​មាន​ព័ត៌មាន​ពី​អត្ត​សញ្ញាណ​ពលរដ្ឋ​ខ្មែរ​ឯណា។

ទី១២. រឿង​ការ​ហាម​ជន​បរទេស មិន​ឲ្យ​ចូល​រួម​ឃោសនា​ទាំង​ផ្ទាល់​ទាំង​ប្រយោល គឺជា​រឿង​ត្រឹម​ត្រូវ។ ត្រឹម​ត្រូវ​ត្រង់​ថា ម៉េច​នឹង​អាច​ឲ្យ​បរទេស​មក​លូក​លាន់​ចាត់​ចែង ឬ​សម្រេច​វាសនា​ខ្មែរ ជំនួស​ពលរដ្ឋ​ខ្មែរ ទៅ។ យើង​ជឿ​ជាក់​ថា គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ សុខ​ចិត្ត​ឬ​ចង់​ឲ្យ​ជន​បរទេស​ណា​ម្នាក់​មក​ចាត់ចែង​ជីវិត​ជាតិ​គាត់​ជំនួស​គាត់​នោះ​ទេ។ ជា​ទូទៅ យើង​ទាំង​អស់​គ្នា កុំ​មាន​អារម្មណ៍ កុំ​គិត កុំ​អាន​ច្បាប់ ដោយ​ដាក់​ខ្លួន​ឯង​ជា​ជន​រង​គ្រោះ ឬ​ធ្លាប់​ជា​ជន​រង​គ្រោះ ដូច​ដែល​ខ្លួន​ធ្លាប់​រង​គ្រោះ។ ចាប់​ច្រវា​សម្លឹង​ត្រើយ។ ចាំ​មើល​ការងារ​ជាក់​ស្តែង។ ការ​សង្ស័យ ការ​បារម្ភ ចៀស​មិន​ផុត​ទេ​ក្នុង​សង្គម​ខ្មែរ ព្រោះ​ពលរដ្ឋ សង្គម​ស៊ីវិល ធ្លាប់​រងគ្រោះ​ដោយសារ​អាជ្ញាធរ​រដ្ឋ ដូចនេះ​កម្រិត​នៃ​ការ​ទុក​ចិត្ត​គ្នា​រវាង​រដ្ឋ និង​សង្គម​ស៊ីវិល​គឺ​នៅ​មាន​គម្លាត​ច្រើន។ លើស​ពី​នេះ អ្នក​រិះគន់​ទាំង​ឡាយ គួរ​អាន​ច្បាប់​ថ្មី​ចាស់​ម្តង​មួយ​មាត្រាៗ ឲ្យ​អស់​ពិចារណា​ឲ្យ​យល់​ខ្លឹម​សារ និង​ស្មារតី​ច្បាប់ មុន​ធ្វើ​ការ​រិះគន់ ជាជាង​គ្រាន់​តែ​ឮ​គេ​ថា ឮ​តាម​គ្នា មើល​ដែរ។ល។ ហើយ​ធ្វើ​ការ​អត្ថាធិប្បាយ តាម​ការ​យល់​ឃើញ ដែល​ខ្វះ​ជំនាញ​ច្បាប់ ខ្វះ​ការ​ស្រាវជ្រាវ ខ្វះ​ការ​ថ្លឹង​ថ្លែង។

កំណែ​ទម្រង់​លើក​នេះ គឺ​តម្រូវ​ឲ្យ​អ្នក​នយោបាយ រាស្ត្រ រដ្ឋ និង​សង្គម​ស៊ីវិល ត្រូវ​រៀន​ចេះ​ប្រើ​ប្រាស់​សិទ្ធិ និង​ច្បាប់ ឲ្យ​បាន​ត្រឹម​ត្រូវ។ គ.ជ.ប គ្រាន់​តែ​ជាការ​ចាប់​ផ្តើម​ប៉ុណ្ណោះ។ ស្ថាប័ន​ជាតិ​សំខាន់ៗ​ជាច្រើន ត្រូវ​ធ្វើ​កំណែ​ទម្រង់ ទើប​ជួយ​ទប់​ម៉ាស៊ីន​កសាង​ប្រជា​ធិបតេយ្យ​បាន​ជោគ​ជ័យ។ ជា​ទូទៅ​ច្បាប់​គឺ​ល្អ ការ​អនុវត្ត​ទេ​ដែល​ជា​បញ្ហា។

ដូចនេះ​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន មាន​សារៈ​សំខាន់​ជាង​ច្បាប់​ទៅ​ទៀត។ ស្ថាប័ន​ឯករាជ្យ មនុស្ស​អព្យាក្រឹត​ឬ​មាន​តុល្យភាព​អំណាច ក្នុង​ស្ថាប័ន គ.ជ.ប នឹង​ធ្វើ​ឲ្យ គ.ជ.ប បាន​ប្រសើរ​ជាង​មុន។ កែ​តែ​ចំណុច​សំខាន់​សិន​ទៅ​បាន​ហើយ នៅ​ពេល ឈ្នះ ចង់​កែ​ឲ្យ​ទៅ​ជា​ប្រជា​ធិបតេយ្យ​ជាង​អាមេរិកាំង​ទៅ​ទៀត មាន​ទៅ​ស្អី។ ចង់​បាន​ច្រើន​ជាង​នេះ ក៏​ទៅ​មិន​រួច។ ទាំង​អស់​គ្នា ត្រូវ​ធ្វើ​ការ​បែង​ចែក​រឿង​ដែល​យើង​ចង់​បាន និង​របស់​ដែល​យើង​ត្រូវ​ការ​ចាំបាច់។

ចំណែក ការ​ទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ដំណើរ​ការ​ធ្វើ​ច្បាប់ មាន​តែ​ថ្ងៃ​ក្រោយ​តាម​រយៈ​ការ​ចរចា​នយោបាយ ប្រែ​ក្លាយ​អនុក្រឹត្យ​លេខ ៣៩ ស្តីពី​នីតិវិធី​ក្នុង​ការ​ធ្វើ​ច្បាប់ ឲ្យ​ទៅ​ជា​ច្បាប់​ស្តីពី​ការ​បង្កើត​ច្បាប់។ ទើប​ដោះ​ស្រាយ​ចេញ ថា​ពេល​ណា ដោយ​របៀប​ម៉េច ដែល​ច្បាប់​គួរ​កែគួរ​ស្នើ គួរ​ព្រាង​ឡើង… សឹមៗ សឹម៕

សូរ សមយុទ្ធ និស្សិត​ក្មេង​វត្ត កូន​អ្នក​ស្រែ កំពង់ឆ្នាំង អ៊ីមែល:Sosamyuth@gmail.com