ការសម្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត គឺជាប្រភពនៃក្តីបារម្ភដ៏ធំ ក្នុងការកែទម្រង់ការបោះឆ្នោត

២៧ កុម្ភៈ ២០១៥ / 27 February 2015 – Election reform (see further)

ការសម្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត គឺជាប្រភពនៃក្តីបារម្ភដ៏ធំ ក្នុងការកែទម្រង់ការបោះឆ្នោត

Voter Registrationជាឧទាហរណ៍មួយនៃតម្លាភាពក្នុងកិច្ចការប្រទេសជាតិ ខ្ញុំសូមចែករំលែកជាមួយសាធារណជន នូវកង្វល់ដ៏ធំរបស់យើងមួយ ក្នុងដំណាក់កាលចុងក្រោយ នៃកិច្ចចរចាស្តីពីការកែទម្រង់ការបោះឆ្នោត រវាងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងគណបក្សសង្រេ្គាះជាតិ ដែលជាគណបក្សក្រៅ រដ្ឋាភិបាល។ កង្វល់នេះ គឺទាក់ទងទៅនឹងបញ្ហាកំណត់ឯកសារ ដើម្បីសម្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត ជាពិសេស ក្នុងករណីអ្នកបោះឆ្នោតខ្លះ មិនទាន់បានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន ឬក៏អះអាងថាបានវង្វេងបាត់ នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន មុនថ្ងៃបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រង ៩៨ ភាគរយ នៃអាជ្ញាធរឃុំ-សង្កាត់ ចង់ឲ្យអាជ្ញាធរឃុំ-សង្កាត់ទាំងនោះ បន្តបញ្ចេញទម្រង់បែបបទ ១០១៨ ជាឯកសារជំនួសអត្តសញ្ញាណប័ណ្ណជាតិ ដើម្បីឲ្យប្រជាពលរដ្ឋដែលគ្មានអត្តសញ្ញាណប័ណ្ណជាតិ អាចបោះឆ្នោតបាន។ ទម្រង់បែបបទ ១០១៨ នេះ បានត្រូវគេប្រើប្រាស់លើកទីមួយ ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០០៨ ហើយពេលនោះវាបានធ្វើឲ្យមានភាពច្របូកច្របល់ ប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធផល នៃការបោះឆ្នោត។ ទម្រង់បែបបទ ១០១៨ នេះ បានត្រូវគេបញ្ចេញសារជាថ្មីទៀត ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ ដោយអាជ្ញាធរឃុំ-សង្កាត់ដដែលជាអ្នកបញ្ចេញ ដោយគេឲ្យឈ្មោះថ្មីហៅថា “លិខិតបញ្ជាក់អត្តសញ្ញាណ”។ តែឯកសារ ២ នេះ ទាំងទម្រង់បែបបទ ១០១៨ ទាំង “លិខិតបញ្ជាក់អត្តសញ្ញាណ” គឺមានសារធាតុដូចគ្នា ហើយបាននាំមកនូវភាពច្របូកច្របល់ដូចគ្នា។

អ្នកសង្កេតការណ៍ឯករាជ្យជាច្រើនបានបង្ហាញថា ទម្រង់បែបបទ ១០១៨ នេះ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ដើម្បីបំភ្លៃលទ្ធផលនៃការបោះឆ្នោត។ ក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ទម្រង់បែបបទ ១០១៨ នេះបានត្រូវបញ្ចេញដោយគ្មានតម្លាភាព ដោយអាជ្ញាធរឃុំ-សង្កាត់ ក្រោមចំណុះគណបក្សប្រជាជនកម្ពុជា។ ទម្រង់បែបបទ ១០១៨ នេះ បានសម្រួលឲ្យមនុស្សរាប់សែននាក់ ដែលគ្មានសិទ្ធិបោះឆ្នោតសោះ បានទៅបោះឆ្នោត ដោយក្លែងបន្លំ ដោយប្រើឈ្មោះខ្មោចលើបញ្ជីឺឈ្មោះបោះឆ្នោត។ ល្បិចនេះបានបំប៉ោងសន្លឹកឆ្នោត ឲ្យគណបក្សកាន់អំណាចដែលជាអ្នករៀបចំនីតិវិធីបែបនេះ។

កាលពីឆ្នាំ ២០០៨ មានអ្នកសង្កេតការណ៍បោះឆ្នោតមួយក្រុមធំ រៀបចំជាគណៈប្រតិភូបេសកកម្ម មកពីសហភាពអឺរ៉ុប បានសន្និដ្ឋានថា ការបោះឆ្នោតជាតិនៅកម្ពុជា នៅឆ្នាំ ២០០៨ នោះ “មិនបានគោរពទេ ចំពោះលក្ខខណ្ឌអន្តរជាតិជាចំបងមួយចំនួន ស្តីពីការបោះឆ្នោតតាមបែបបទប្រជាធិបតេយ្យ”។ ពួកក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ ក៏បានផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីជួយស្តារស្ថានការណ៍ តែអនុសាសន៍ទាំងនោះ ត្រូវបានរដ្ឋាភិបាលកម្ពុជា មិនយកចិត្តទុកដាក់។ ក្នុងចំណោម “អនុសាសន៍សំខាន់ជាងគេ” នៃគណៈប្រតិភូបេសកកម្មនោះ មានអនុសាសន៍មួយ ដែលចែងយ៉ាងច្បាស់ថា ៖ “ការប្រើប្រាស់ទម្រង់បែបបទ ១០១៨ មិនត្រូវឲ្យមានទៀតទេ ក្នុងការបោះឆ្នោតលើកក្រោយ។”

ដោយសារមូលហេតុដូចមានរៀបរាប់ខាងលើ គណបក្សសង្រេ្គាះជាតិ ចង់ឲ្យមានការរៀបចំនីតិវិធីថ្មីមួយ ជំនួសការប្រើប្រាស់ទម្រង់បែបបទ ១០១៨ នៅពេលបោះឆ្នោតឆ្នាំ ២០១៧ និងឆ្នាំ ២០១៨។ ដើម្បីដោះស្រាយករណីពិសេស ដែលមិនត្រូវមានច្រើនហួសហេតុ គឺនៅពេលដែលអ្នកបោះឆ្នោតខ្លះ មិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បញ្ហានៃការសម្គាល់អត្តសញ្ញាណនៃអ្នកបោះឆ្នោតទាំងនោះ នៅថ្ងៃបោះឆ្នោត មិនត្រូវឲ្យអាជ្ញាធរឃុំ-សង្កាត់ដែលមានភាពលម្អៀងនយោបាយ ជាអ្នកដោះស្រាយទេ តែត្រូវដោះស្រាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ថ្មី ដែលនឹងត្រូវបង្កើតក្នុងពេលឆាប់ៗខាងមុខ ដោយមានការចូលរួម ពីគណបក្សធំៗទាំងពីរ។

តាមរយៈភ្នាក់ងាររបស់ខ្លួនទូទាំងប្រទេស គ.ជ.ប. ត្រូវតែផ្តល់ឲ្យអ្នកបោះឆ្នោតណា ដែលមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នូវប័ណ្ណបោះឆ្នោត ឬឯកសារណាមួយទៀត ដើម្បីប្រើប្រាស់ជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រកបដោយតម្លាភាព និងភាពងាយស្រួលក្នុងការត្រួតពិនិត្យ។ តម្លាភាព និងភាពងាយស្រួលក្នុងការត្រួតពិនិត្យនេះ គឺដោយសារតែឯកសារដែលផ្តល់ឲ្យប្រើប្រាស់ជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅពេលចូលទៅបោះឆ្នោត គឺគ្រាន់តែជាទិន្នន័យរបស់សាមុីខ្លួន ដែលដកស្រង់ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ហើយបញ្ជីឈ្មោះនេះ ត្រូវបានរៀបចំដោយ គ.ជ.ប. ខ្លួនឯងផ្ទាល់តែម្តង។ មានតែដំណោះស្រាយតាមនីតិវិធីបែបហ្នឹងទេ ដែលធានាតក្កវិជ្ជា (Logic) ភាពរលូនសីុគ្នា (Consistency) និងតម្លាភាព (Transparency) ក្នុងដំណើរការបោះឆ្នោត។ នីតិវិធីណាផ្សេងទៀត ច្បាស់ជានាំមកនូវភាពច្របូកច្របល់ មិនអាចគ្រប់គ្រងបាន និងការបំភ្លៃលទ្ធផលនៃការបោះឆ្នោត។

សម រង្ស៊ី
ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា
និងជាប្រធានគណបក្សសង្រេ្គាះជាតិ

Source: Sam Rainsy Facebook Page