គោរពជូន

សម្តេចក្រឡាហោមស ខេង & ឯកឧត្តមសុន ឆ័យ

សំណូមពរ៖ ធ្វើវិសោធនកម្មច្បាប់ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ កត់ សំគាល់ឃើញថាការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកថ្មីៗនេះ គណៈកម្មការរៀបចំការ បោះឆ្នោតជាតិបានបំពេញការងាររបស់ខ្លួនល្អប្រសើរជាងមុនដោយសំរិតសំរាំងបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងនីតិវិធីប្រកាស់លទ្ធផលឆ្នោតតាមរយៈបណ្តាញអិនតើណិតដោយចំឡងសំណៅដើមទាំងស្រុងពីការិយាល័យរាប់សន្លឹកឆ្នោតនិមួយៗទូទាំងប្រទេស។ ទន្ទឹមនឹងភាពល្អប្រសើរនេះ ក៍មានចំណុចដែលត្រូវកែតម្រូវអោយប្រសើរឡើងដែរដូចជាសមធម៌ក្នុងការប្រើប្រាស់ថវិកាឃោសនា ឯករាជ្យភាពពិតប្រាកដរបស់អង្គភាពគ.ជ.ប.ដោយមិនគួរស្ថិតក្រោមយុត្តាធិការរបស់ក្រសួងណាមួយឡើយ និងការផ្តល់សិទ្ធិបោះឆ្នោតពេញលេញដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់ជាពិសេសពលករចំណាកស្រុកនិងពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសទីបីនៅជុំវិញពិភពលោក។

ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបានទទួលសិទ្ធិបោះឆ្នោតពេញលេញក្នុងកំឡុងការរៀបចំបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិឬដែលហៅកាត់ថាអ៊ុនតាក់នៅឆ្នាំ១៩៩៣។ តែក្រោយមក គ.ជ.ប.មិនបានយកច្បាប់បោះឆ្នោតអ៊ុនតាក់មកប្រើប្រាស់ ហើយរមែងព្រងើយកន្តើយសិទ្ធិចូលរួមនយោបាយរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសតាមរយៈការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដែលសិទ្ធិនេះត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញជាតិតាមមាត្រា៣៤និងច្បាប់ស្តីអំពីសិទ្ធិមនុស្សជាសាកលរបស់អង្គការសហប្រជាជាតិតាមមាត្រា២១។

ដូច្នេះសូមសម្តេចនិងឯកឧត្តមមេត្តាពិចារណានិងដាក់វារៈនេះជាអាទិភាពក្នុងរដ្ឋសភាជាតិ។

សូមសម្តេចនិងឯកឧត្តមទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ភ្ជាប់មកជាមួយគឺជាសំណៅដើមទាំងស្រុងនៃលិខិតសម្រាប់ការប្រើប្រាស់ជាផ្លូវការ។

ការិយាល័យលេខាធិការ

គណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស

Samdach Kralahorm Sar Kheng & His Excellency Son Chhay

Letter_to_HE_Son_Chhay Letter_to_Somdach_Krolahorm_Sar_Kheng