CPP យល់ព្រម​បញ្ចូល​ប្រធានបទ​កែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត សម្រាប់​ការចរចា​ខាងមុខ​​

Op-Ed: VOD Khmer Phnom Penh​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី14 ខែមិនា ឆ្នាំ2014, ម៉ោង 09:03 AM​

គណបក្ស​ប្រជាជន​កម្ពុជា​(CPP) ឯកភាព​យក​ប្រធានបទ​កែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត​(​គជប​) បញ្ចូល​ទៅក្នុង​ក្រប​ខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត សម្រាប់​ការពិភាក្សា​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា​ខាងមុខ​។

​នេះ​ជា​ការឆ្លើយតប​ទៅនឹង​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ តែ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យមាន​ការពន្យល់​ពី​ហេតុផល​ដែល​គណបក្ស មិន​ចង់​ឲ្យ​គជប ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ ដោយ​ការបោះឆ្នោត​ក្នុង​សភា​សំឡេង​២​ភាគ​៣​។​

​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះផ្សាយ​នៅ​ថ្ងៃទី​១៣​ខែ​មីនា ឲ្យដឹងថា ក្រប​ខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត​ខាងមុខ រួមមាន​ការរៀបចំ​កា​រ​ចុះឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដើម្បី​ធានា និង​ការពារ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប ការបង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ​។ លិខិត​បន្តថា ប្រធានបទ​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត និង​អព្យា ក្រឹតភាព និង​សុចរិត​ភាព​នៃ​សង្គម​ស៊ីវិល​ក្នុង​ការបោះឆ្នោត គណៈកម្មការ​ចម្រុះ បាន​នឹង​កំពុង​ពិភាក្សា មិនទាន់​បាន​សម្រេច​បញ្ចូល​ទៅ​ក្នុង​ក្របខណ្ឌ​កំណែ​ទម្រង់​នៃ​ការបោះឆ្នោត​នៅ​ឡើយ​។​

​គណៈកម្មការ​ចម្រុះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ឯកភាព​យក​ប្រធានបទ កែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត បញ្ចូល​ទៅក្នុង​ប​ក្រ​ខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត​។​លិខិត​បន្តថា បញ្ហា​សិក្ខាសាលា​រួមគ្នា ជា​បញ្ហា​ដែល​គណៈកម្មការ​ចម្រុះ ត្រូវធ្វើ​នៅ​ពេល​គណៈ កម្មការ​នេះ បាន​កសាង​នូវ​ក្រប​ខណ្ឌ​កំណែ​ទ្រង់​ការបោះឆ្នោត​ម​យ​យ ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​។

​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា គណបក្ស​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​លទ្ធភាព​នៃ​ការរៀបចំ​សិក្ខាសាលា​មួយ​រួម​ឲ្យបាន​ឆាប់ ដើម្បី​បើកទូលាយ​ឲ្យមាន​ការចូលរួម​យោបល់ និង​ផ្តល់​អនុសាសន៍​ពី​សំណាក់​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ សង្គម​ស៊ីវិល ដែល​មាន​ជំនាញ​លើ​ការងារ​បោះឆ្នោត​។​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​ជា​បន្ទាន់ ចំពោះ​សំណើ​ទាមទារ​ឲ្យ គ​.​ជ​.​ប ជា​ស្ថាប័ន​ធម្មនុញ្ញ និង​កំណត់​ការជ្រើសតាំង​សមាសភាព គ​.​ជ​.​ប មុន​នឹង​បន្ត​កិច្ចប្រជុំ​ថ្ងៃទី​១៧ ខែ​មីនា​។​គណបក្ស​បញ្ជាក់ថា ប្រធានបទ​ពាក់ព័ន្ធ​នឹង​ការកែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ឲ្យទៅ​ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ​ឯករាជ្យ និង​មាន​ការជ្រើសតាំង​ដោយ​រដ្ឋសភា​តាម​សំឡេង​ពីរភាគបី នៃ​សមាជិក​សភា​ទាំងមូល គឺ​មាន​លក្ខណៈ​ចាំបាច់​ជា​អាទិភាព សម្រាប់​ការងារ​កែ​ទម្រង់​ការ​បោះឆ្នោត ដែល​មិន​អាច​រំលង​បាន​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com