CNRP នឹង​​ស្នើ​វិសោធនកម្ម​​ដើម្បី​អនុញ្ញាត​ឱ្យ​​ពល​​រដ្ឋ​​​ខ្មែរ​បាន​បោះឆ្នោត​ពី​បរទេស​

Op-Ed: Cambodia Daily in English, in Khmer

ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងគ្រោងដាក់សេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅសប្តាហ៍ក្រោយ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋខ្មែរដែលធ្វើការ និងរស់នៅក្រៅប្រទេសបានចុះឈ្មោះ និងបោះឆ្នោតពីបរទេស។

យោងតាមលោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិនឹងជួបប្រជុំនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីសេចក្ដីព្រាងវិសោធនកម្មនេះ។ ចំណាត់ការនេះធ្វើឡើងក្រោយពីមានសន្និសីទកាសែតមួយកាលពីសប្ដាហ៍មុន ដែលអំឡុងពេលនោះលោក សុិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ស្ថាប័នបោះឆ្នោត ឯករាជ្យមួយនេះនឹងមិនផ្ដល់អនុសាសន៍ឱ្យមានវិសោធនកម្មលើច្បាប់នេះដើម្បីសម្រួលដល់ការចុះឈ្មោះ និងការបោះឆ្នោតពីបរទេសឡើយ។

ការរាប់សន្លឹកឆ្នោតនៅខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ការរាប់សន្លឹកឆ្នោតនៅខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក សុន ឆ័យ បានមានប្រសាសន៍កាលពីម្សិលមិញថា ” [យើង] ចង់ឱ្យធ្វើវិសោធនកម្មដើម្បីផ្ដល់ឱ្យពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស…និងពលរដ្ឋដែលជាកម្មករនៅប្រទេសជិតខាង ឱ្យគាត់មានឱកាសបានចុះឈ្មោះ និងបានចូលរួមបោះឆ្នោតដោយងាយស្រួល”។

យោងតាមទិន្នន័យបង្ហាញថា ប្រជាពលរដ្ឋខ្មែរប្រមាណ១,៨លាននាក់រស់នៅ និងធ្វើការនៅបរទេស ដោយភាគច្រើនក្នុងចំណោមនោះនៅប្រទេសថៃ និងមួយចំនួនធំនៅប្រទេសម៉ាឡេស៊ី ប្រទេសកូរ៉េខាងត្បូង ព្រមទាំងប្រទេសជប៉ុន ផងដែរ។

យោងតាមលោក សុន ឆ័យ បានឱ្យដឹងថា វិសោធនកម្មនេះនឹងអនុញ្ញាតឱ្យ គ.ជ.ប ដាក់ការិយាល័យបោះឆ្នោតនៅព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីរបស់កម្ពុជា ព្រមទាំងបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត និងបន្ទប់បោះឆ្នោតនៅខេត្តមួយចំនួនក្នុងប្រទេសថៃ ដែលមានពលករចំណាកស្រុកច្រើនផងដែរ។

លោកបានបន្ថែមថា អ្នកបម្រើការងារដែលមិនមែនជាពលករចំណាកស្រុកដូចជាមន្ត្រីស្ថានទូតជាដើមនឹងត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតនៅស្ថានទូត ឬស្ថានកុងស៊ុលនៃប្រទេសដែលខ្លួនស្ថិតនៅ។

សូមរំឭកថា គណបក្សសង្គ្រោះជាតិឈ្នះបានអាសនៈសភាចំនួន៥៥ ហើយនឹងត្រូវការសំឡេងឆ្នោតចំនួន៦២សម្រាប់ការអនុម័តវិសោធនកម្ម នោះមានន័យថា គណបក្សប្រឆាំងចំាបាច់ត្រូវគាំទ្រពីគណបក្សកាន់អំណាចទើបអាចអនុម័តបាន។

លោក សុន ឆ័យ ថ្លែងថា “ខ្ញុំសង្ឃឹមថា គណបក្សប្រជាជននឹងមិនមានគំនិតចង្អៀតចង្អល់ទេក្នុងការបំពេញកាតព្វកិច្ចធានាដល់សិទ្ធិពលរដ្ឋក្នុងការបោះឆ្នោតនេះ”។

ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាហាក់មិនចាប់អារម្មណ៍នឹងសំណើរបស់គណបក្សប្រឆាំងឡើយ។ លោកមានប្រសាសន៍កាលពីម្សិលមិញថា ”គាត់ចង់ធ្វើអីធ្វើទៅ” មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត។

ការបោះឆ្នោតពីបរទេសមិនធ្លាប់មានពីមុនមកទេនៅក្នុងការបោះឆ្នោតរបស់កម្ពុជា។ បណ្ដាអង្គការគាំពារសិទ្ធិកម្មករ និងក្រុមឃ្លាំមើលការបោះឆ្នោតបានអំពាវនាវឱ្យរដ្ឋាភិបាលផ្ដល់សិទ្ធិបោះឆ្នោតឲ្យកាន់តែប្រសើរដល់ពលករចំណាកស្រុកយ៉ាងច្រើនដែលបច្ចុប្បន្នកំពុងរស់នៅឯបរទេស។

លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានមានប្រសាសន៍ថា “វាគួរឲ្យបារម្ភខ្លាំង”។

លោកលើកឡើងបន្តថា អំឡុងវិសោធនកម្មកាលពីឆ្នាំ២០១៤លើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏ចម្រូងចម្រាសក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលបានលើកបញ្ហាស្មុគស្មាញផ្នែកបច្ចេកទេស និងការចំណាយមកធ្វើជាមូលហេតុមិនអនុវត្តការបោះឆ្នោតពីបរទេស ចំណែកឯក្រុមសមាជិកគណបក្សប្រឆាំងអះអាងថា គណបក្សកាន់អំណាចកំពុងតែយកជើងរាទឹកដោយសារតែពលករចំណាកស្រុកមានបំណងគាំទ្រគណបក្សសង្គ្រោះជាតិ។

លោកបានមានប្រសាសន៍បន្ថែមទៀតថា “សម្រាប់ខ្ញុំយល់ថា ប្រហែលជាទាំងពីរ” ហើយថា ជំនាញបច្ចេកទេស និងថវិកាជារឿងគួរឲ្យបារម្ភ ប៉ុន្តែទន្ទឹមនេះក៏ប្រហែលជាខ្វះឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហានេះដែរ៕ 

Leave a Reply

Your email address will not be published. Required fields are marked *

*
*