អ្នក​ជំនាញ​កំណែ​ទម្រង់​បោះឆ្នោត​អឺរ៉ុប​ជួប​ក្រុមបច្ចេកទេស​បក្ស​ទាំងពីរ

ដោយ ប្រាជ្ញ ចេវ
2015-01-23

ប៊ិន ឈិន គួយ ប៊ុនរឿន ៦២០

ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន (ឆ្វេង) និង​ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រឆាំង លោក គួយ ប៊ុនរឿន (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​កិច្ច​ប្រជុំ​ស្ដីពី​ការ​កែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។

RFA/Vann Vichar

អ្នក​ជំនាញ​ផ្នែក​កំណែទម្រង់​ការបោះឆ្នោត របស់​អឺរ៉ុប (EU) ផ្ដល់​បទ​បង្ហាញ ក្រុម​មន្ត្រី​បច្ចេកទេស​កំណែទម្រង់​កា​របោះ​ឆ្នោត​កម្ពុជា​ទាំងពីរ​បក្ស នៅ​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ធានា​ថា ការរៀបចំ​បញ្ជី​បោះឆ្នោត មាន​លក្ខណៈ​ល្អ​ប្រសើរ។ ចំណុច​សំខាន់ៗ​ទាំងនោះ​មាន​៖ ការ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដោយ​ប្រើ​សំបុត្រកំណើត​ចេញ​ដោយ​ក្រសួងមហាផ្ទៃ ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ចាស់ របស់​គជប​សព្វថ្ងៃ ការ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី និង​ការ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​ចុះឈ្មោះ​បោះឆ្នោត និង​សម្រាប់​បោះឆ្នោត​។

លោក គួយ ប៊ុនរឿន មន្ត្រី​ក្រុមបច្ចេកទេស​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ថា ក្រុម​ជំនាញ​បាន​បង្ហាញ​ពី របៀប​និង​ប្រព័ន្ធ​គ្រប់គ្រង​អ្នកបោះឆ្នោត​ដោយ​ស្នាម​ម្រាមដៃ និង​ឯកសារ​មួយ​ចំនួន ដើម្បី​ធានា​ថា បញ្ជី​បោះឆ្នោត​ថ្មី គ្មាន​ឈ្មោះ​ស្ទួន គ្មាន​ឈ្មោះ​ខ្មោច និង​គ្មាន​ឈ្មោះ​អ្នក​បោះឆ្នោត​អាច​បោះឆ្នោត​បាន។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​មួយ​១០០​ភាគរយ​ចំពោះ​អនុ​សាស្ត្រ​នេះ ព្រោះ​បច្ចេកទេស​នោះ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ចំណាយ​អស់​លុយ​តិច៖ «ខ្ញុំ​គាំទ្រ​នៅ​អ្វី​ដែល​ជា​អ្នកបច្ចេកទេស​អឺរ៉ុប ផ្ដល់​ជា​គំនិត​នេះ។ បើ​កម្ពុជា​អនុវត្ត​ការបោះឆ្នោត​លើក​ក្រោយៗ​មិន​មាន​បញ្ហា​ទៀត​ទេ»។

ជំនួប​រវាង​ក្រុម​បច្ចេកទេស​អឺរ៉ុប នៅ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​ដាច់ដោយឡែក​ពី​គ្នា។ ទាក់ទង​ការ​ធ្វើ​កំណែ​ទ្រ​ង​ការបោះឆ្នោត​នេះ កន្លង​មាន​ប្រទេស​ជឿនលឿន​មួយ​ចំនួន អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ផ្ដល់​គំនិត ក៏ដូចជា​បច្ចេកទេស​ជា​ញឹកញាប់ ដល់​ក្រុមការងារ​ទាំងពីរ​គណ​បក្ស​នេះ៕