សង្គ្រោះ​ជាតិ​រង់ចាំ​ជួប​ថ្នាក់​ដឹក​នាំ​កំពូល​បក្ស​ប្រជាជន

Op-Ed: The Phnom Penh Post Khmer Language

WEDNESDAY, 26 MARCH 2014
មាស សុខជា

20140326_03

លោក​ សម រង្ស៊ី ធ្វើ​សន្និសីទ​កា​សែត​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំ​ពេញ​ម្សិល​មិញ​​។ រូបថត ម៉ៃ វីរៈ

ភ្នំពេញៈ ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​កំពុង​រង់​ចាំ​ចម្លើយ​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំណាច ក្នុង​ការ​ជួប​ចរចា​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​ដើម្បី​ធ្វើ​ការ​ពិភាក្សា​ទៅ​លើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ដែល​ការ​ចរចា​ថ្នាក់​ក្រុម​បច្ចេកទេស​មិន​អាច​ដោះស្រាយ​បាន ដោយ​ធ្វើ​ការ​ព្រមាន​ថា ប្រសិន​បើ​កិច្ច​ប្រជុំ​ថ្នាក់​កំពូល មិន​ទទួល​បាន​ជោគជ័យ​ទេ​នោះ​បាតុកម្ម​ជា​ថ្មី​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ចៀស​មិន​រួច។

លោក សម រង្ស៊ី ប្រធាន និង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា បន្ទាប់​ពី​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​របស់​គណបក្ស​ទាំង​ពីរ​ត្រូវ​បាន​ផ្អាក គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​ចំពោះ​កិច្ច​ប្រជុំ​ថ្នាក់​កំពូល។

លោក កឹម សុខា បញ្ជាក់​ថា៖ «ប្រសិន​បើ​គណបក្ស​ប្រជាជន​យល់​ថា កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ពិត​ជា​មាន​សារៈ​សំខាន់ ចង់​បាន គ.ជ.ប ឯករាជ្យ​ពិត​ប្រាកដ​ចង់​ដោះស្រាយ​បញ្ហា​សូម​កុំ​ពន្យារ​ពេល គណបក្ស​ប្រជាជន​ត្រូវ​ឆ្លើយ​តប​ចំពោះ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង ដើម្បី​ឲ្យ​មាន​កិច្ច​ប្រជុំ​ថ្នាក់​កំពូល។ ដូច្នេះ​យើង​កំពុង​រង់ចាំ»។

លោក កឹម សុខា បាន​រិះគន់​ថា កិច្ច​ប្រជុំ​រវាង​ក្រុម​បច្ចេកទេស​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​គ្មាន​ប្រយោជន៍​ទេ ព្រោះ​ថា ក្រុម​ការងារ​គណបក្ស​ប្រជាជន មិន​អាច​សម្រេច​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ទេ ដូច្នេះ គណបក្ស​ប្រជាជន តែង​តែ​ពន្យារ​ពេល​ធ្វើ​ឲ្យ​ខាត​បង់​ពេល​វេលា។

លោក​បន្ថែម​ថា៖ «ជា​ធម្មតា ពេល​យើង​ទាមទារ​តាម​ការ​ចរចា​មិន​អាច​ទៅ​រួច យើង​ធ្វើ​បាតុកម្ម»។

នៅ​ពេល​វិល​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​បរទេស​កាល​ពី​ម្សិលមិញ​លោក សម រង្ស៊ី ក៏​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ផង​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្វែង​រក​លទ្ធភាព​នៃ​កិច្ច​ចរចា​ថ្នាក់​កំពូល​ជាមួយ​នឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​ក្រុម​ការងារ​បច្ចេកទេស​ទាំង​ពីរ​ត្រូវ​បាន​ផ្អាក។ លោក​បន្ថែម​ថា ការ​ចរចា​នៅ​ថ្នាក់​កំពូល រវាង​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ផ្អែក​លើ​ឆន្ទៈ​របស់​ប្រជាជន។

«យើង​កំពុង​ពិនិត្យ​មើល​គ្រប់​លទ្ធភាព​ទាំង​អស់ [ដើម្បី​មាន​កិច្ច​ប្រជុំ​ថ្នាក់​កំពូល] ឲ្យ​តែ​គោរព​តាម​ឆន្ទៈ​របស់​ប្រជាជន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ»។

លោក ប៊ិន ឈិន ឧប​នាយក​រដ្ឋ​មន្រ្តី​ដែល​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​របស់​គណបក្ស​ប្រជាជន មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។ ចំណែក​លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា និង​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​ប្រជាជន​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ឡើយ។

ប៉ុន្តែ យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​កាល​ពី​ម្សិលមិញ គណបក្ស​ប្រជាជន បាន​គូស​បញ្ជាក់​ថា ការ​ផ្អាក​ការ​ចរចា​រវាង​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គណបក្ស​ប្រជាជន​គ្មាន​បំណង​ផ្អាក​កិច្ច​ពិភាក្សា​នោះ​ទេ ហើយ​នៅ​តែ​គោរព​តាម​កិច្ច​ព្រម​ព្រៀង​ចុះ​ថ្ងៃ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដែល​ជា​ក្របខ័ណ្ឌ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត ហើយ​នឹង​ដាក់​ពិភាក្សា​ក្នុង​សិក្ខាសាលា​ជាតិ​នា​ពេល​ខាង​មុខ។

សេចក្តី​ថ្លែង​ការណ៍​នោះ​បន្ថែម​ថា៖ «ទោះ​បី​កិច្ច​ប្រជុំ​មិន​ទាន់​ឯកភាព​ទាំង​ស្រុង​ក៏​ដោយ តែ​មាន​ការ​រីក​ចម្រើន​និង​ទទួល​បាន​ការ​អបអរ​សាទរ ពី​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ ហើយ​សភាព​ការណ៍​សង្គម​ជា​ទូទៅ​កំពុង​មាន​ការ​វិវឌ្ឍ​ល្អ។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ បែរ​ជា​ចាប់​បង្ខំ​ឲ្យ​គណបក្ស​ប្រជាជន ត្រូវ​តែ​ឆ្លើយ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​ចំពោះ​ប្រធានបទ​តែ​មួយ​គត់ គឺ​កំណែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ដោយ​ដាក់​ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ​ហើយ​អនុម័ត​ដោយ​សំឡេង ២/៣ នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល​ព្រម​ទាំង​បំផ្លើស​អំពី​កាលបរិច្ឆេទ​បោះឆ្នោត​ឡើង​វិញ ដែល​ប្រការ​នេះ គណបក្ស​ប្រជាជន​មិន​អាច​ទទួល​យក​ការ​ចាប់​បង្ខំ​បែប​នេះ​បាន​ឡើយ»។

ទោះ​យ៉ាង​ណា លោក សុខ ទូច និង លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ​បាន​គាំទ្រ​ការ​ផ្អាក​ការ​ចរចា​រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ ដោយ​ថ្លែង​ថា កិច្ច​ប្រជុំ​ថ្នាក់​ក្រុម​បច្ចេកទេស​នេះ មិន​អាច​សម្រេច​អ្វី​បាន​នោះ​ទេ។

លោក កែម ឡី បាន​ថ្លែង​ថា៖ «វា​ហាក់​ដូច​ជា​បញ្ហា​ស្មុគ​ស្មាញ ព្រោះ​គណបក្ស​ទាំង​ពីរ បាន​ធ្វើ​ការ​ចរចា​ផ្អែក​លើ​ផល​ប្រយោជន៍​របស់​បក្ស ទី១។ ទី២ យើង​បាន​មើល​ឃើញ​ថា [គណបក្ស​ប្រជាជន] នៅ​ចចេស»។

លោក​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ ពិបាក​សម្រេច​លើ​បញ្ហា​នយោបាយ ព្រោះ​គណបក្ស​នេះ ទទួល​ឥទិ្ធពល​ពី​ប្រជាជន និង​ម្ចាស់​ជំនួយ៕ TK