លោក ហ៊ុន សែន គំរាមរៀបចំការបោះឆ្នោតខ្លួនឯងបើអន្តរជា​តិភ្ជាប់បញ្ហាបក្សប្រឆាំង

.

លោក ហ៊ុន សែន គំរាមរៀបចំការបោះឆ្នោតខ្លួនឯងបើអន្តរជាតិភ្ជាប់បញ្ហាបក្សប្រឆាំង
ដោយ លោក ញឹម សុខន | ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១៦ 5 ម៉ោងមុន | បោះឆ្នោតអភិបាលកិច្ចល្អ | 0 | 6625

 Op-Ed: VOD
 Capture-1

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាកម្ពុជានឹងប្រើថវិកាជាតិសម្រាប់ដំណើរការរៀបចំការបោះឆ្នោតដោយមិនពឹងលុយជំនួយ បើសហគន៍អន្តរជាតិនៅតែបន្តដាក់សម្ពាធទាក់ទងស្ថានភាពនយោយនៅកម្ពុជា។

កន្លងទៅសហភាពអឺរ៉ុបជាម្ចាស់ជំនួយធំមួយដល់កម្ពុជាដែរនោះ ធ្លាប់បានជំរុញឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិវិលទៅរកតុចរចាស្វែងរកដំណោះស្រាយនយោបាយដែលសហគមន៍អន្តរជាតិដាក់ការព្រួយបារម្ភថា បើអ្នកនយោយខ្មែរនៅតែបន្តខ្វែងគំនិតគ្នា អាចនឹងប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតឆ្នាំ២០១៧និង២០១៨។

ប៉ុន្តែគិតត្រឹមថ្ងៃទី២៩ខែមិថុនានេះ គណបក្សទាំងពីរមិនទាន់បានកំនត់ពេលវេលាជាក់លាក់វិលទៅរកតុចរចានៅឡើយទេ ដោយមេដឹកនាំបក្សកាន់អំណាចលោកនាយករដ្ឋមន្ត្រីអះអាងថាការចាប់ឃុំខ្លួនមន្ត្រីសង្គមស៊ីវិល មន្ត្រី គ.ជ.ប មន្ត្រីបក្សប្រឆាំង រួមទាំងការព្យាយាមចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ផង លោកថាជានីតិវិធីរបស់តុលាការ វប្បធម៌សន្ទនាមិនអាចដំណើរការរំលោភស្ថាប័នតុលាការនេះបាន។

ក្នុងពិធីរំលឹកខួប៦៥ឆ្នាំនៃការបង្កើតស្ថាប័នគយនិងរដ្ឋាករដែលធ្វើឡើងក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៩ខែមិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបចំអកថាបើម្ចាស់ជំនួយនៅតែបារម្ភចំពោះលោក កឹម សុខា ដែលកំពុងបន្តនៅក្នុងស្នាក់ការនោះ លោកថារដ្ឋាភិបាលនឹងបញ្ចេញថវិកាជាតិរៀបចំដោយដំណើការចុះឈ្មោះបោះឆ្នោត ដោយមិនពឹងលើជំនួយនោះទេ។

លោកថា៖ «បើអស់លោកមិនចុះ ខ្ញុំចុះដើម្បីធានាដល់ការបោះឆ្នោត កម្ពុជាហានស៊ីហានសង ហើយសុំប្រទេសដែលចង់ផ្តល់ជំនួយការចុះឈ្មោះ[បោះឆ្នោត]កុំគំរាមថា រឿងនេះមិនអាចចុះឈ្មោះបាន វាមិនដែលម៉ែអាណាបង្កើតរឿងខ្លួនឯងទៅរកស្រីញីទៅរកស្អីឯណាបង្កើតរឿងខ្លួនឯង អាខ្លះសូកសាក្សីស្អីៗ រឿងមនុស្សប៉ុន្មាននាក់ទៅរារាំងការចុះឈ្មោះបោះឆ្នោតដែលប្រជាជនមានសិទ្ធិចុះឈ្មោះបោះឆ្នោតប្រមាណ៩ឬ១០លាននាក់នោះទេ។ សូមកុំយកអារឿងហ្នឹងធ្វើហេតុផល មិនជួយទេហី និយាយឲ្យច្បាស់ជាមួយគ្នាអញ្ចឹងម៉ង មិនជួយទេហី។ ហើយបោះទៀត នៅតែបោះហ្នឹង យើបញ្ជេញថវិកាបោះហើយកុំប្រើជំនួយដើម្បីធ្វើការគាបសង្កត់កម្ពុជា»។

 

អំឡុងជាប់គាំងនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រីបានស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ពិសេសសហភាពអឺរ៉ុបនិងប្រទេសជប៉ុនឲ្យជួយកម្ពុជាលើយន្តការរៀបចំការបោះឆ្នោត ក្រោយពីកម្ពុជាមានបញ្ហាជាបន្តបន្តាប់ក្រោយការបោះឆ្នោតម្តងៗ។

សហភាពអ៊ឺរ៉ុបបានប្រកាសថានឹងផ្តល់ជំនួយប្រមាណជាង១០លានដុល្លារលើដំណើរការកែទម្រង់ គ.ជ.ប។

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ សហភាពអឺរុបបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់នានាប្រឆាំងមេបក្សប្រឆាំង សមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់គណបក្សនេះ។

សហភាពអ៊ឺរុបក៏អំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្សនៅសមាគមអាដហុកបួនរូប អគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ឃុំ និងបានជំរុញឲ្យពិនិត្យមើលការផ្តល់ជំនួយនេះឡើងវិញ អាស្រ័យលើការបើកទូលាយនៃលំហូរសេរីភាពនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

មិនតែប៉ុណ្ណោះសហភាពអឺរ៉ុបនិងបណ្តាប្រទេសមួយចំនួនទៀតរួមទាំងប្រទេសជប៉ុនផង បានសន្យាផ្តល់ជំនួយជាឧបករណ៍បច្ចេកទេសនិងអ្នកជំនាញដល់កម្ពុជាសម្រាប់ដំណើរការបោះឆ្នោត។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថាប្រទេសជាម្ចាស់ជំនួយពួកគេ ទទួលខុសត្រូវអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងទទួលខុសត្រូវចំពោះមុខពលរដ្ឋពួកគេដែលបានបង់ពន្ធ។ លោកថាដូចនេះ ប្រទេសផ្តល់ជំនួយមានការប្រុយប្រយ័ត្នខ្លាចមានភាពមិនប្រក្រតីនៃដំណើការបោះឆ្នោតនេះកើតឡើងម្តងទៀត។

លោក គល់ បញ្ញា ជំរុញឲ្យរដ្ឋាភិបាលគួរបង្កើនកិច្ចសហការល្អជាមួយម្ចាស់ជំនួយ ដើម្បីជំរុញការអភិវឌ្ឍជាតិជាជាងប្រើពាក្យវាយប្រហារក្នុងបំណងណាមួយធ្វើឲ្យកម្ពុជាបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ។

លោកថា៖ «ពួកគេមានកាតព្វកិច្ចធ្វើម៉េចឲ្យ[កម្ពុជាមាន]ដំណើការប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ហើយនិងការកសាងសន្តិភាព ហើយនិងការកសាងប្រទេសកម្ពុជាតាមការវិវឌ្ឍមួយហ្នឹង។ គេនៅមានកាតព្វកិច្ចជួយរហូត គេជួយគ្រប់វិស័យ អភិបាលកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ខ្ញុំថាត្រូវប្រើជំហរសហការច្រើនជាងប្រើអារម្មណ៍យល់ឃើញអវិជ្ជមានចំពោះដៃគូអភិវឌ្ឍយើង»

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្គាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ ចំណែកការចុះឈ្មោះបោះឆ្នោតវិញនឹងត្រូវធ្វើឡើងនៅតាមភូមិ-ឃុំ-សង្កាត់ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ដោយប្រើរយៈពេល៩០ថ្ងៃ។

បើតាមមន្ត្រី គ.ជ.ប ការចុះឈ្មោះពេលនេះ ធ្វើឡើងតាមកុំព្យូទ័រនិងបញ្ជូនទិន្នន័យមកថ្នាក់ជាតិតាមប្រព័ន្ធអ៊ិនធើណិត។ រីឯឧបការណ៍ទំនើបបែបបច្ចេកទេសសម្រាប់ចុះឈ្មោះ ឧបត្ថម្ភដោយបណ្តាប្រទេសមួយចំនួនដូចជាជប៉ុននិងសហភាពអឺរ៉ុប។

បើតាមវិភាគ បើដំណើរការបោះឆ្នោតមួយប្រព្រឹត្តទៅបង្កឲ្យពលរដ្ឋភ័យខ្លាច គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងមិនស្មើភាពគ្នា ស្ថិតក្រោមរូបភាពគំរាមកំហែង គ.ជ.ប មិនឯករាជ្យ ពួកគេថាលទ្ធផលបោះឆ្នោត និងមានភាពចម្រូងសម្រាស ជម្លោះនយោបាយនឹងកើតឡើង ពលរដ្ឋក្រីក្រនៅតែបន្តរងគ្រោះ។

យ៉ាងនេះក្តីកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានសម្តែងការព្រួយបារម្ភពីរបាយការណ៍នៃការបំភិតបំភ័យ ការយាយី និងការចាប់ខ្លួន មន្រ្តីសង្គមស៊ីវិល សមាជិកស្ថាប័ន គ.ជ.ប ការចាប់ឃុំខ្លួនសមាជិកបក្សប្រឆាំង និងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយ។

លោក បាន គីមូន បង្ហាញក្តីសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងធានាការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញរួមមានសេរីភាពនៃការបញ្ចេញមតិ សមាគម និងការប្រមូលផ្តុំ៕