មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​គាំ​ទ្រ​ច្បាប់​សញ្ជាតិ​តែ​មួយ​

Op-Ed: ABC Radio Khmer Services

មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​គាំ​ទ្រ​ច្បាប់​សញ្ជាតិ​តែ​មួយ​

ដាក់បញ្ចូលថ្ងៃ 24 March 2014, 18:05 AEST

នៅ​ក្នុង​ខណៈ​ពេល​ដែល​បញ្ហា​អាទិភាព​ធំៗ​បន្ទាន់​ជា​ច្រើន​មិន​ទាន់​បាន​ដោះ ​ស្រាយ​ចេញ​រវាង​គណបក្ស​សង្រ្គោះ​ជាតិ និង​គណបក្ស​ប្រជា​ជន​កម្ពុជា​ អស់​ពេល​ប្រមាណ​៨​ខែ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៣​ កន្លង​ទៅ​នោះ, ថ្មីៗ​នេះ​បញ្ហា​មួយ​ទៀត​បាន​ផុស​ឡើង​ជុំវិញ​ការ​លើក​ឡើង​របស់​​លោក ជាម​ យៀប តំណាង​រាស្រ្ដ​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​មន្រ្ដី​តំណាង​គណបក្ស​ប្រជា​ជន​នៅ​ក្នុង​ក្រុម​ចរចា​​បច្ចេក​ទេស​ជា​ មួយ​នឹង​គណបក្ស​សង្រ្គោះ​ជាតិ​។ ពីរ​អាទិត្យ​មុន​នេះ​លោក​ ជាម យៀប បាន​លើក​ឡើង​អំពី​ការ​ចង់​កែ​ប្រែ​ច្បាប់​សញ្ជាតិ​កម្ពុជា​ដើម្បី​កុំ​ឲ្យ​ បេក្ខជន​ជាប់​ឆ្នោត​ដែល​មាន​សញ្ជាតិ​ពីរ​​ឡើង​កាន់​អំណាច​បាន​។

Mr Sam Rainsy and Mr kem Sokha

រូប​ថត​ឯក​សារ​​លោក សម រង្ស៊ី (ស្ដាំ) មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​​ពេល​​ចុះ​ដល់​ស្រុក​ខ្មែរ​ក្រោយ​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​​បន្ទាប់​ពី​និរទេស​ខ្លួន​ទៅ​បារាំង​​។ (Credit: ABC Licensed)
សំឡេង៖ មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​គាំ​ទ្រ​ច្បាប់​សញ្ជាតិ​តែ​មួយ​

ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​ឲ្យ​មាន​ការ​កែ​ប្រែ​ច្បាប់​សញ្ជាតិ​កម្ពុជា​នោះ លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ធ្វើ​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​បាន​មាន​ប្រសាសន៍​ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ថា លោក​មិន​ខ្លាច​នឹង​បោះ​បង់​ចោល​សញ្ជាតិ​បរទេស​នោះ​ទេ ហើយ​នឹង​គាំ​ទ្រ​ការ​ធ្វើ​​វិ​សោធនកម្ម​​ច្បាប់​នោះ​។

(សំឡេង​លោក សម រង្ស៊ី)

បញ្ហា​នេះ​ក្នុង​ក្រសែ​ភ្នែក​អ្នក​វិភាគ​នយោបាយ​មិន​បាន​ជួយ​ដល់​ស្ថាន​ភាព​ចរចា​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ដែល​កំពុង​ប្រព្រឹត្ដ​ទៅ​នោះ​ឡើយ។ លោក​បណ្ឌិត​ សុខ​ ទូច អ្នក​វិភាគ​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​មិន​គួរ​លើក​យក​រឿង​បែប​នេះ​មក​និយាយ​ពេល​នេះ​ទេ។

(សំឡេង​លោក សុខ ទូច)

មតិ​សាធារណៈ​ជា​ច្រើន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​លើក​ឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​នេះ​ដែល​មាន​មុខ​សញ្ញា​កេង​ចំណេញ​នយោបាយ​នៅ​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ អាច​ជា​កត្ដា​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​ជន​ជាន់​កែង​ជើង​ខ្លួន​ឯង ពី​ព្រោះ​ថា​នៅ​ក្នុង​ជួរ​មន្រ្ដី​ជាន់​ខ្ពស់​ជា​ច្រើន​នាក់​ទៀត​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​អ្នក​ដែល​បាន​វិល​មក​ពី​បរទេស​ជា​ច្រើន​នាក់​ដែរ​ដែល​កាន់​សញ្ជាតិ​ពីរ​មក​បម្រើការ​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​បច្ចុប្បន្ន​។ ហើយ​មតិ​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា បើ​សិន​កែ​ប្រែ​ច្បាប់​សញ្ជាតិ​នេះ​មែន គួរ​តែ​បោះ​សំណាញ់​ឲ្យ​បាន​ទូលាយ​ធំ​ជាង​នេះ​ កុំ​ផ្ដោត​តែ​ទៅ​លើ​អ្នក​នយោបាយ​ តែ​ត្រូវ​ផ្ដោត​ទៅ​លើ​មន្រ្ដី​ស្ថាប័ន​ជា​ច្រើន​ទៀត​ដែរ​។

សម្រាប់​លោក​ ផៃ ស៊ីផាន វិញ​ដែល​ជា​អ្នក​នាំ​ពាក្យ​ទី​ស្ដីការ​គណៈ​រដ្ឋមន្រ្ដី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឆន្ទៈ​នយោបាយ​នេះ​អាច​នឹង​នាំ​ទៅ​រក​ការ​កែ​ប្រែ​ច្បាប់​សញ្ជាតិ​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​។​

(សំឡេង​លោក ផៃ ស៊ីផាន)

សូម​ជម្រាប​ថា បញ្ហា​ចង់​កែ​ប្រែ​ច្បាប់​ថ្មី​នេះ មិន​មែន​ទើប​កើត​មាន​នៅ​ពេល​នេះ​ទេ។ កាល​ពី​ឆ្នាំ​១៩៩៦ នៅ​មុន​ពេល​មាន​ព្រឹត្ដិការណ៍​ធ្វើ​រដ្ឋ​ប្រហារ ​ពេល​ដែល​កម្ពុជា​មាន​សហ​នាយក​រដ្ឋមន្រ្ដី​ពីរ​រូប​ គឺ​លោក ហ៊ុន សែន និង​សម្ដេច​ក្រុម​ព្រះ​នោះ គណបក្ស​ប្រជា​ជន​កម្ពុជា​ក៏​ធ្លាប់​បាន​គំរាម​ហាម​ប្រាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​ពីរ​កាន់​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ​។ តែ​ក្រោយ​មក​នៅ​ពេល​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា មិន​បាន​ឃើញ​មាន​ការ​លើក​ឡើង​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​កំណត់​ឲ្យ​អ្នក​នយោបាយ​មាន​សញ្ជាតិ​តែ​១​ទេ។ ទើប​តែ​នៅ​ក្នុង​ស្ថាន​ភាព​ទាល់​ច្រក​នយោបាយ​ទើប​ឃើញ​មាន​ការ​លើក​យក​រឿង​នេះ​មក​ជជែក​។

ប្រសិន​បើ​មាន​ច្បាប់​កំណត់​សញ្ជាតិ​តែ​១​នេះ​មែន ប្រទេស​កម្ពុជា​នឹង​ដើរ​​​តាម​លំនាំ​ប្រទេស​ភូមា​ ដោយ​សារ​ថា ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ភូមា​មិន​អនុញ្ញាត​ឲ្យ​ពល​រដ្ឋ​ខ្លួន ឬ​ប្ដី ឬ​ប្រពន្ធ ឬ​កូន​មាន​សញ្ជាតិ​បរទេស​ទេ ដែល​បណ្ដា​អ្នក​វិភាគ​យល់​ឃើញ​ថា ធ្វើ​ឡើង​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​លោក​ស្រី អាំង​សាន ស៊ូជី មេដឹកនាំ​បក្ស​ប្រឆាំង​ភូមា​ដែល​កំពុង​មាន​ប្រជា​ប្រិយភាព​មិន​អាច​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​បាន​ដោយ​សារ​លោក​ស្រី​មាន​កូន​កាន់​សញ្ជាតិ​អង់គ្លេស​។

ប៉ុន្ដែ​មាន​​ការ​រំពឹង​ទុក​​ថា ប្រទេស​នេះ​អាច​នឹង​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ធម្មនុញ្ញ​របស់​ខ្លួន​មុន​ពេល​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៥​ក្រោយ​នេះ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​ស្រី អាំង​សាន​ ស៊ូជី​ អាច​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​បាន៕