Op-Ed: RFA Khmer Service

មន្ត្រីអាមេរិក៖ ការបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌បានលុះត្រាមានការប្រកួតដោយស្មើភាព

ដោយ យាង សុជាមេត្តា
2017-02-03

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ថ្លែងក្នុងសន្និសីទសារសារព័ត៌មាននៅស្ថានទូតសហរដ្ឋអាមេរិក ភ្នំពេញ ពិនិត្យមើលទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៦ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Yeang Socheametta

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ថ្លែងក្នុងសន្និសីទសារសារព័ត៌មាននៅស្ថានទូតសហរដ្ឋអាមេរិក ភ្នំពេញ ពិនិត្យមើលទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៦ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Yeang Socheametta

RFA/Yeang Socheametta

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ  (William Heidt) ថ្លែងថា ដើម្បីឲ្យការបោះឆ្នោតនៅកម្ពុជា នៅពេលខាងមុខប្រព្រឹត្តទៅប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌បាន លុះណាតែគណបក្សនយោបាយទាំងអស់អាចប្រជែងគ្នាដោយស្មើភាព។ ការថ្លែងនេះ ធ្វើឡើងក្នុងជំនួបតុមូលរបស់លោក វីល្លៀម ហៃដ្ដ ជាមួយអ្នកសារព័ត៌មាន នាស្ថានទូតសហរដ្ឋអាមេរិក ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ។

បើទោះជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ ទទួលស្គាល់ថា ការរៀបចំ ការចុះឈ្មោះអ្នកបោះឆ្នោតនៅកម្ពុជា ពេលនេះ មានលក្ខណៈបច្ចេកទេសគួរជាទីសាទរក្តី តែលោកថា វានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដើម្បីអាចធ្វើឲ្យការបោះឆ្នោតនៅកម្ពុជា ក្នុងពេលខាងមុខប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ និងយុត្តិធម៌នោះ។

លោក វីល្លៀម ហៃដ្ដ ថ្លែងថា ផ្នែកមួយដ៏សំខាន់ដើម្បីធ្វើឲ្យការបោះឆ្នោតមានភាពត្រឹមត្រូវ និងយុត្តិធម៌ លុះណាតែគ្រប់គណបក្សនយោបាយទាំងអស់មានសិទ្ធិស្មើគ្នាក្នុងការឃោសនានយោបាយដោយចំហ អាចចុះមូលដ្ឋានជួបប្រជាពលរដ្ឋ ឬអ្នកគាំទ្រដោយគ្មានការគាបសង្កត់ និងភ័យខ្លាច និងមានសិទ្ធិក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការឃោសនាជាដើម។

លោក វីល្លៀម ហៃដ្ដ សង្កត់ធ្ងន់ថា ចំណុចទាំងអស់នេះហើយដែលពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិកំពុងឃ្លាំមើល ដើម្បីវាយតម្លៃថា តើការបោះឆ្នោតនៅកម្ពុជា ក្នុងពេលខាងមុខប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ឬយ៉ាងណានោះ។

ការថ្លែងដូចនេះរបស់លោក វីល្លៀម ហៃដ្ដ ស្របពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងវិលទៅរកភាពតានតឹងជាថ្មី ក្រោយពីតំណាងរាស្ត្របក្សកាន់អំណាចបោះឆ្នោតលុបចោលតួនាទីតំណាងមតិភាគតិច និងភាគច្រើននៅរដ្ឋសភា និងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលអាចឈានដល់ការរារាំងមិនឲ្យមេបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងជាប់បណ្តឹងជាច្រើននៅតុលាការ អាចធ្វើជាប្រធានបក្សបាន។ លើសពីនេះ លោក ហ៊ុន សែន ថែមទាំងព្រមានរឹបអូសទ្រព្យសម្បតិ្តលោក សម រង្ស៊ី ប្រសិនបើមេបក្សប្រឆាំងរូបនេះចាញ់ក្តីនៅតុលាការតាមការចោទប្រកាន់របស់លោក ហ៊ុន សែន។

ជុំវិញការពាក់មុខយក្សដាក់គ្នាជាថ្មីរបស់អ្នកនយោបាយខ្មែរនេះ លោក វីល្លៀម ហៃដ្ដ សម្តែងការខកចិត្ត ដោយបញ្ជាក់ថា ការផ្សះផ្សារវាងអ្នកនយោបាយខ្មែរមិនមានភាពជឿនលឿននៅឡើយ ហើយលោកលើកទឹកចិត្តឲ្យមានការជួបចរចាគ្នា៖ «រឿងមួយខ្ញុំកត់សម្គាល់ឃើញដែលមិនមានភាពវិជ្ជមានសម្រាប់កម្ពុជា គឺការខ្វះនូវការផ្សះផ្សានយោបាយពិតប្រាកដនៅកម្ពុជា វាមានន័យយ៉ាងម៉េចការផ្សះផ្សានយោបាយហ្នឹង? វាមានន័យថា រាល់កម្លាំងនយោបាយទាំងអស់ត្រូវទទួលយកនូវសិទ្ធិចូលរួមធ្វើនយោបាយរបស់អ្នកផ្សេងទៀត។ ដូចអស់លោក លោកស្រី ឃើញស្រាប់ហើយនៅសហរដ្ឋអាមេរិក ក្នុងពេលបោះឆ្នោត ដំណើរការនយោបាយមានការលំបាក ប៉ុន្តែនៅចុងបញ្ចប់គ្រប់ភាគីទាំងអស់ទទួលយកនូវសិទ្ធិនៃការចូលរួមរបស់ភាគីផ្សេងទៀត ហើយដើម្បីឲ្យមានការផ្សះផ្សាផ្នែកនយោបាយ លុះណាតែវាមានការជជែកគ្នាក្នុងលក្ខណៈសាមញ្ញដូចមនុស្សទូទៅតែងធ្វើ»

សហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាចមួយដែលតែងចេញមុខរិះគន់ពីដំណើរការប្រជាធិបតេយ្យ និងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ការរិះគន់ដែលតែងធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ខឹងសម្បារ ហើយតែងត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយបកទៅវិញយ៉ាងចាស់ដៃផងដែរ។

ទោះជាយ៉ាងណាក៏ដោយ លោក វីល្លៀម ហៃដ្ដ បញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែបន្តចូលរួមជំរុញការលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា មិនថា នៅសហរដ្ឋអាមេរិក មានអ្នកនយោបាយមកពីបក្សប្រជាធិបតេយ្យ ឬបក្សសាធារណរដ្ឋឡើងកាន់អំណាចនោះឡើយ៕