បក្ស​ប្រជាជន​ឆ្លើយ​តប​បក្ស​សង្គ្រោះ​ជាតិ​រឿង​របៀបវារៈ​កែ​ទម្រង់​ការ​បោះ​ឆ្នោត

Op-Ed: RFA Khmer Services

បក្ស​ប្រជាជន​ឆ្លើយ​តប​បក្ស​សង្គ្រោះ​ជាតិ​រឿង​របៀបវារៈ​កែ​ទម្រង់​ការ​បោះ​ឆ្នោត

ដោយ សុជីវី
2014-03-14

បក្ស​ប្រជាជន សង្គ្រោះ​ជាតិ ចរចា ៦១០

ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​នៅ​វិមាន​ព្រឹទ្ធ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៤។

RFA/Van Vichar

គណៈកម្មការ​ចម្រុះ​គណបក្ស​ប្រជាជន​កម្ពុជា ឯកភាព​យក​ប្រធាន​បទ​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។

ក្នុង​លិខិត​របស់ លោក ប៊ិន ឈិន ប្រធាន​គណៈកម្មការ​ចម្រុះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះ​ថ្ងៃ​ទី​១៣ ខែ​មីនា បាន​បញ្ជាក់​ថា ក្របខ័ណ្ឌ​កែ​ទម្រង់​ការ​បោះ​ឆ្នោត គឺ​ជា​សំណុំ​នៃ​បញ្ហា​ដែល​គណៈកម្មការ​ចម្រុះ​បាន​រៀបចំ​ប្រធាន​បទ​មួយ​ចំនួន​រួច​ហើយ រួម​មាន ការ​រៀប​ចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ដើម្បី​ធានា និង​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ការ​រៀប​ចំ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ។

ការ​ឆ្លើយ​តប​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ គឺ​បន្ទាប់​ពី លោក សុន ឆ័យ ប្រធាន​គណៈកម្មការ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៣ មីនា បាន​ដាក់​លិខិត​មួយ​ដោយ​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ពី​របៀបវារៈ​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ឈាន​ដល់​ការ​ជួប​ចរចា​គ្នា​បន្ត​ទៀត ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ មីនា ព្រម​ទាំង​បាន​បញ្ជាក់​ថា ប្រធាន​បទ​ទាក់ទង​នឹង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ឲ្យ​ទៅ​ជា​ស្ថាប័ន​រដ្ឋធម្មនុញ្ញ​ដែល​ឯករាជ្យ និង​មាន​ការ​ជ្រើស​តាំង​ដោយ​រដ្ឋសភា​តាំង​សំឡេង​២​ភាគ​៣ នៃ​សមាជិក​សភា​ទាំង​មូល គឺ​ជា​របៀបវារៈ​ចាំបាច់​ជា​អាទិភាព​សម្រាប់​ការងារ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​មិន​អាច​រំលង​បាន។

នៅ​មិន​ទាន់​មាន​ប្រតិកម្ម​តប​ថា​យ៉ាង​ណា​នៅ​ឡើយ​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ចម្លើយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ប្រកាស​ថា នឹង​ផ្អាក​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​មិន​ឆ្លើយ​តប​នឹង​សំណើ​របស់​ខ្លួន ដែល​ចង់​អោយ​ការ​ចរចា​ផ្ដោត​តែ​ទៅ​លើ​ការ​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​អោយ​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ​ទេ​នោះ៕