បក្ស​ប្រឆាំង​លើក​សំណើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត ដើម្បី​​ឲ្យ​ពលករ​ក្រៅ​ប្រទេស​បោះ​ឆ្នោត​បាន


គណបក្សប្រឆាំងកំពុងព្រាងសំណើវិសោធនកម្មច្បាប់បោះឆ្នោត ហើយពិនិត្យ និងពិភាក្សាសេចក្តីព្រាងនេះនៅថ្ងៃចន្ទ។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង។ ការរៀបចំសំណើវិសោធនកម្មច្បាប់នេះ ធ្វើឡើង ដើម្បីឲ្យពលករ ឬពលរដ្ឋខ្មែរ ដែលកំពុង ធ្វើការ និងរស់នៅ ក្រៅប្រទេសអាចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ខាងមុខនេះ។

លោកសុន ឆ័យមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី០៤ ខែសីហានេះថា គណៈកម្មការពិនិត្យពង្រាងរបស់គណបក្សប្រឆាំងនឹងពិនិត្យពង្រាងសំណើវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃចន្ទទី៧ ខែសីហាខាងមុខ ហើយបើមិនមានការកែប្រែច្រើនទេ នោះគណបក្សនឹងដាក់សំណើវិសោធនកម្មច្បាប់បោះឆ្នោតទៅរដ្ឋសភានៅសប្តាហ៍ក្រោយ។

ថ្មីៗនេះ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងគណបក្សប្រឆាំងផង ធ្លាប់ស្នើឲ្យស្ថាប័នរៀបចំការបោះឆ្នោតកម្ពុជា សម្រួលយ៉ាងណាឲ្យពលករចំណាកស្រុក ដែលកំពុងធ្វើការនៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបានតាមរយៈស្ថានទូត ឬស្ថានអគ្គកុងស៊ុលរបស់កម្ពុជានៅតាមបណ្តាប្រទេសទាំងនោះ។ ប៉ុន្តែសំណើនេះត្រូវបាន គ.ជ.ប ទាត់ចោល។

គម្រោងស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ធ្លាប់បានបញ្ជាក់ជាច្រើនដងហើយ ថាខ្លឹមសារច្បាប់បោះឆ្នោតមិនអនុញ្ញាតឲ្យមានការរៀបចំការិយាល័យចុះឈ្មោះ ឬបោះឆ្នោតនៅក្រៅប្រទេសនោះទេ។

លោកសុន ឆ័យ បានបញ្ជាក់ថាក្នុងសេចក្តីព្រាងនៃសំណើវិសោធនកម្មច្បាប់បោះឆ្នោត គឺគណបក្សសង្រ្គោះជាតិបានដាក់បន្ថែមជំពូកថ្មីមួយទៀត ដែលផ្តោតលើការរៀបចំការចុះឈ្មោះ និងបោះឆ្នោត សម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។

លោកបញ្ជាក់ថាតំណាងរាស្ត្រគណបក្សប្រឆាំង ដែលទទួលខុសត្រូវចំពោះតួនាទីនេះ គណបក្សនឹងស្នើសុំឲ្យមានការកែប្រែច្បាប់ តាមអ្វីដែលអាចធ្វើបាន។ ប៉ុន្តែលោកថាទាល់តែគណបក្សទាំងពីរចូលរួមគ្នាទើបសម្រេចជាលទ្ធផលបាន។

លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ស្ថាប័ននេះមិនបង្ហាញការគាំទ្រយ៉ាងណាទេ ដល់សកម្មភាពរបស់គណបក្សនយោបាយណាមួយ ប៉ុន្តែ គ.ជ.ប នឹងអនុវត្តច្បាប់ ដែលសភាបានអនុម័ត។

សូមបញ្ជាក់ថាបើតាមរដ្ឋមន្ត្រីក្រសួងការងារ បច្ចុប្បន្នកម្ពុជាមានពលករប្រមាណជាង១លាននាក់ កំពុងធ្វើការនៅតាមបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរីជាដើម៕

right to vote of Khmer Oversea

Source for your reference: Radio French International http://km.rfi.fr/cambodia/cnrp-law-maker-proposed-law-to-allow-migrant-worker-vote-04-08-2017

Leave a Reply

Your email address will not be published. Required fields are marked *

*
*