បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​លើ​ប្រធានបទ​កែ​ទម្រង់​សមាសភាព គ.ជ.ប

បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​លើ​ប្រធានបទ​កែ​ទម្រង់​សមាសភាព គ.ជ.ប

ដោយ វណ្ណ វិចារ
2014-03-24

បក្ស​ប្រជាជន បក្ស​សង្គ្រោះ​ជាតិ ចរចា ៦១០

ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​បន្ទាប់​ជួប​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤។

RFA/Vann Vichar

ការ​ជួប​ចរចា​រវាង​តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា មិន​បាន​ទទួល​លទ្ធផល​ជា​ផ្លែផ្កា​ទេ ហើយ​ក៏​មិន​មាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដែរ។ ប្រធាន​ក្រុម​ចរចា​នៃ​គណបក្ស​ទាំង​ពីរ បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា បក្ស​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​នៅ​លើ​ប្រធាន​បទ​កែ​ទម្រង់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

បន្ទាប់​ពី​បរាជ័យ​ក្នុង​កិច្ច​ចរចា ហើយ​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បាន ក្រុម​ការងារ​ទាំង​ពីរ​បក្ស​ស្នើ​ឲ្យ​ពិធី​ការ រៀប​ចំ​សន្និសីទ​កាសែត​ពីរ​កន្លែង។ កន្លែង​មួយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្រោម​ដំបូល​អគារ វី.អាយ.ភី (VIP) ក្នុង​បរិវេណ​ព្រឹទ្ធសភា។ ហើយ​កន្លែង​មួយ​ទៀត នៅ​ខាង​ក្រោម​ដើម​ឈើ​ខាង​មុខ​អគារ​នោះ ទីតាំង​សន្និសីទ​កាសែត​របស់​មន្ត្រី​បក្ស​ប្រឆាំង។ ប៉ុន្តែ ដោយសារ​អ្នក​កាសែត​រអ៊ូរទាំ និង​ពិបាក​រក​ខ្សែ​ឧបករណ៍​បំពង​សំឡេង​សម្រាប់​បក្ស​ប្រឆាំង​ផង​នោះ អ្នក​នយោបាយ​ទាំង​សង​ខាង ក៏​ប្ដូរ​មក​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្នុង​អគារ​តែ​មួយ​វិញ។

សន្និសីទ​កាសែត​កន្លែង​តែ​មួយ​មែន តែ​ភាគី​ទាំង​ពីរ​មិន​ឈរ​ទន្ទឹមៗ​គ្នា​ដូច​ជំនួប​ទាំង​បី​លើក​កន្លង​ទៅ​ឡើយ។ មន្ត្រី​បក្ស​ប្រឆាំង​ដឹក​នាំ​ដោយ លោក សុន ឆ័យ ចេញ​មុខ​មក​និយាយ​ប្រាប់​អ្នក​កាសែត​មុន ដោយ​មាន​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច លោក ឈាង វុន ឈរ​ឱប​ដៃ​ធ្វើ​មុខ​មាំ​ចាំ​ស្តាប់។

ប្រធាន​ក្រុម​ចរចា​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​ចង់​ឲ្យ​មាន​ការ​កែ​ទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​មុន​សិន មុន​នឹង​ឈាន​ចូល​ទៅ​បើក​សិក្ខា​សាលា​ពិភាក្សា​លើ​បញ្ហា​ដែល​បាន​ព្រមព្រៀង។ លោក​បន្ត​ថា ពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​មិន​ទុក​ចិត្ត​លើ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ទេ ហេតុ​នេះ​រឿង​ដំបូង​បំផុត​ដែល​ត្រូវ​ដោះស្រាយ គឺ​ការ​កែ​ទម្រង់​ស្ថាប័ន គ.ជ.ប ឲ្យ​ក្លាយ​ជា​ស្ថាប័ន​ធម្មនុញ្ញ។

លោក​បាន​បន្ទោស​គណបក្ស​ប្រជាជន​កម្ពុជា ថា​ព្យាយាម​ពន្យារ​ពេល​នៃ​ការ​ស្វែង​រក​ដំណោះស្រាយ ទាក់ទង​នឹង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត៖ «ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ ជា​បញ្ហា​ធំ ជា​បញ្ហា​មូលដ្ឋាន។ ដូច្នេះ​បើ​មិន​ទាន់​ដោះស្រាយ​ចេញ យើង​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​រវាង​ថ្នាក់​ដឹក​នាំ​កំពូល។ យើង​នឹង​បន្ត​ចរចា​ទៀត មិន​មែន​បាន​ន័យ​ថា ឈប់​ទេ តែ​យើង​នៅ​រង់ចាំ»

ទន្ទឹម​នឹង​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ប្រកាស​ផ្អាក​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​រវាង​បក្ស​ទាំង​ពីរ និង​ស្នើ​ឲ្យ​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ព្រម​ទាំង​កំណត់​កាល​បរិច្ឆេទ​បោះ​ឆ្នោត​ឡើង​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បើក​ការ​ចរចា​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​ជា​ថ្មី​ទៀត ដើម្បី​ទម្លាយ​ភាព​ទាល់ច្រក។

ទោះ​ជា​បែប​ណា​ក្តី ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បើក​ចំហ​ទ្វារ​ឲ្យ​មាន​កិច្ច​ចរចា​ជា​ថ្មី ទោះ​បី​ក្នុង​ក្របខ័ណ្ឌ​ណា​ក៏ដោយ។ លោក​បន្ត​ថា កិច្ច​សន្ទនា​នៅ​ថ្ងៃ​នេះ​មិន​ទទួល​បាន​លទ្ធផល ដោយសារ​តែ​ក្រុម​ការងារ​របស់​គណបក្ស​ប្រឆាំង ទាមទារ​ហួស​ដែន​សមត្ថកិច្ច​របស់​ក្រុម​លោក។ ប៉ុន្តែ បើ​សិន​ជា​មាន​ការ​សម្រប​សម្រួល​នយោបាយ​រវាង​មេ​ដឹក​នាំ​កំពូលៗ​នោះ បញ្ហា​អ្វី​ក៏​ដោះស្រាយ​បាន​ដែរ។ លោក​បញ្ជាក់​ថា ការ​ទាមទារ​របស់​បក្ស​ប្រឆាំង​ជា​រឿង​មួយ ប៉ុន្តែ​សូម​ចាំ​ថា រដ្ឋាភិបាល​កំពុង​ដំណើរ​ការ​ដោយ​រលូន​មិន​មាន​ឧបសគ្គ​នោះ​ទេ៖ «កុំ​ថា​គណបក្ស​ប្រជាជន ម៉េច​ក៏​ខ្លាច មិន​មែន​ខ្លាច​ទេ អោយ​រៀប​ទាំងអស់ ប៉ុន្តែ​រៀប​ឲ្យ​ដើរ​បាន មិន​មែន​ចង​តែ​គណបក្ស​ប្រជាជន ទេ តែ​ចង​ជាតិ​កម្ពុជា ទាំង​មូល»

គណៈកម្មការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ បើក​ការ​ចរចា​ចំនួន ៤​លើក​រួច​មក​ហើយ ក្នុង​នោះ​ការ​ចរចា​លើក​ទី​៣ ក៏​មិន​ទទួល​បាន​លទ្ធផល​ដែរ។ តែ​ការ​ចរចា​លើក​ទី​៣ កន្លង​ទៅ បក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​លើ​ប្រធាន​បទ​ចំនួន​១៤ ហើយ​គ្រោង​ពិភាក្សា​លម្អិត​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ ដើម្បី​ប្រមូល​មតិ​យោបល់​លើ​ការ​កែ​ទម្រង់។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​អង្គការ និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​ស្នើ​ឡើង​របស់​បក្ស​ប្រឆាំង ដើម្បី​សុំ​ឲ្យ គ.ជ.ប ជា​ស្ថាប័ន​ធម្មនុញ្ញ​នោះ ជា​ប្រការ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​គួរ​ពិចារណា។ លោក​បន្ត​ថា ប្រវត្តិ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គឺ​គ្រប់​ភាគី​តែង​តែ​ចាញ់​ឆ្នោត​ដោយ​មិន​អស់​ចិត្ត ហើយ​បក្ស​នយោបាយ​នីមួយៗ​មិន​ទុក​ចិត្ត​លើ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ទេ។ លោក​បញ្ជាក់​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ត្រូវ​រួម​គ្នា​កែ​ទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ ដើម្បី​កសាង​ទំនុក​ចិត្ត​ពី​សំណាក់​ពលរដ្ឋ៖ «ពលរដ្ឋ​កម្ពុជា ចង់​បាន​នោះ គឺ គ.ជ.ប ឯករាជ្យ និង​អព្យាក្រឹត្យ បើ​សិន​ជា គ.ជ.ប ឯករាជ្យ​នោះ ជា​គោលការណ៍​ប្រជាធិបតេយ្យ»

មន្ត្រី​គណបក្ស​កាន់​អំណាច​បញ្ជាក់​ថា បើ​សិន​ជា​ដាក់​ឲ្យ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្លាយ​ជា​ស្ថាប័ន​ធម្មនុញ្ញ ដែល​ទាមទារ​ឲ្យ​មាន​ការ​គាំទ្រ​សមាជិក​សភា​ក្នុង​សំឡេង​២​ភាគ​៣​នោះ ស្ថាប័ន គ.ជ.ប នឹង​នៅ​ជាប់​គាំង ហើយ​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​រួច ដោយសារ​តែ​គណបក្ស​បាន​សំឡេង​ឆ្នោត​តិច អាច​ធ្វើ​ពហិការ​មិន​ទទួល​ស្គាល់​ស្ថាប័ន​បោះ​ឆ្នោត​ដដែល។ ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង​ប្រាប់​ថា ការ​កែ​ទម្រង់​បែប​នេះ គឺ​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ។ ការ​មិន​ត្រូវរ៉ូវ​គ្នា​រវាង​បក្ស​ទាំង​ពីរ ស្រប​ពេល​ដែល លោក សម រង្ស៉ី កំពុង​ដើរ​ប្រមូល​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ និង​ព្រមាន​ពី​ការ​ធ្វើ​បាតុកម្ម​បន្ត​ទៀត តែ​រដ្ឋាភិបាល​នៅ​តែ​បន្ត​អនុវត្ត​បម្រាម​ជួប​ជុំ​ដដែល៕