បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​សរុប​លទ្ធផល​លើ​ចំណុច​ដែល​មិន​ទាន់​ឯកភាព​គ្នា​ក្នុង​ច្បាប់​បោះឆ្នោត

ក្រុម​ការ​ងារ​គណបក្ស​ទាំង​ពីរ​ជួប​ចរ​ចា​គ្នា​ពេល​កន្លង​មក

ក្រុម​ការ​ងារ​គណបក្ស​ទាំង​ពីរ​ជួប​ចរ​ចា​គ្នា​ពេល​កន្លង​មក។ ម៉ៃ រីរៈ

បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​សរុប​លទ្ធផល​លើ​ចំណុច​ដែល​មិន​ទាន់​ឯកភាព​គ្នា​ក្នុង​ច្បាប់​បោះឆ្នោត

ក្រុម​ការងារ​កែទម្រង់​ការ​បោះឆ្នោត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​បន្ត​ជួប​ប្រជុំ​គ្នា កាលពី​ម្សិលមិញនៅ​មន្ទីរ​រដ្ឋ​សភា​ដើម្បី​ធ្វើ​ការ​សរុប​នូវ​បញ្ហា​កន្លង​មក​ដែល​មិន​ទាន់​ឯកភាព​គ្នាមាន ​១១​ចំណុច​ក្នុង​ពង្រាង​ច្បាប់​បោះឆ្នោត​ដែល​កំពុង​តាក់តែង​ថ្មី​នេះ។

បើតាម​លោក​ ប៊ិន ឈិន ប្រធាន​ក្រុមការ​ងារ​កែ​ទម្រង់​ការ​បោះឆ្នោត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថាចំណុច​មិន​ទាន់​ឯកភាព​នៃ​ច្បាប់​បោះឆ្នោត​ថ្មី ដែល​មាន​រហូត​ដល់​ជាង​ ១៦០​មាត្រានៃ​ ១២​ជំពូក​​មាន​ការ​ដែល​ CNRP ស្នើ​ឲ្យ​បង្កើន​អាសនៈ​លើស​ពី​ ១២៣​ ប៉ុន្តែ​ CPP នៅ​មិន​ទាន់​យល់​ព្រម។

លោក​មាន​ប្រសាសន៍​ថា ៖ «ចំណុច​ដែល​កង​កម្លាំង​យោធា​ នគរបាល​ តុលាការ​ ចូលរួម​ឃោសនា គឺជា​រឿង​ធំ​ដែល​មិន​ទាន់​ជជែក​គ្នា​ដាច់​ស្រេច។ ចំណុច​មួយ​ទៀត​ទាក់ទង​នឹង​បញ្ហា​អព្យាក្រឹត្យ​ភាព​របស់​សង្គម​ស៊ីវិល​ទាំង​ពេល​ឃោសនា​បោះឆ្នោត​រាប់​សន្លឹក​ឆ្នោត​ និង​ប្រកាស​លទ្ធផល​»។

ចំណុច​ទាំង​នេះ​នឹង​ត្រូវ​សរសេរ​ហើយ​បញ្ជូន​ដល់​«ថ្នាក់​ដឹក​នាំ​កំពូល» នៃ​គណបក្ស​ទាំង​ពីរ​នាថ្ងៃ​ចន្ទទី​ ២៣ កុម្ភៈ​ខាង​មុខ​នេះ។ នេះ​បើ​តាម​ក្រុម​ការ​ងារ​ទាំង​ពីរ។ លោក​បាន​បញ្ហា ពាក់ព័ន្ធ​នឹង​ការ​ហែរ​ក្បួន​ឃោសនា​នៅ​មិន​ទាន់​ឯកភាព​គ្នា​ត្រង់​ថា​ថ្ងៃ​ឃោសនា​គណបក្ស​ CPP ចង់​កម្រិត​តែ​ ២១​ថ្ងៃ ឯ CNRP ទាមទារ​រហូត​ដល់ ​២៥​ថ្ងៃ។

នៅ​មាន​ចំណុច​ផ្សេង​ទៀត​ទាក់ទង​នឹង​ការ​យក​អគារ​រដ្ឋ​មក​ធ្វើការ​ឃោសនា​ការ​ស្នើ​ឲ្យ​មាន​ភាព​ស្មើគ្នា​នូវ​ម៉ោង​ផ្សាយ​របស់​ទូរទស្សន៍​វិទ្យុ​។ លោក​ថា ៖ «ថ្ងៃចន្ទ​​យើង​នឹង​ធ្វើ​ការ​សរុប​បញ្ហា​មិន​ឯកភាព​ទាំង​នេះ​ជូន​ថ្នាក់​ដឹក​នាំ»។

លោក គួយ ប៊ុនរឿន​ នៃ​ក្រុម​ការងារ​គណបក្ស​សង្ក្រោះ​ជាតិ​មាន​ប្រសាសន៍​ថា កាល​ពី​ម្សិលមិញ​ក៏​មាន​ការ​ជជែក​គ្នាពី​ទោស​បញ្ញតិ​ផង​ដែរ។ តាម​គម្រោង​ក្រុម​ការងារ​ទាំងពីរ​នឹង​បញ្ចប់​ពង្រាង​ច្បាប់​បោះឆ្នោត​នៅ​ចុង​ខែ​កុម្ភៈ ឬ​ដើមខែ​មីនា​នេះ៕