តើ​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ អាច​សង្គ្រោះ​ការបោះឆ្នោត​នៅ​អាមេរិក ​ក្នុង​ពេល​មាន​ការឆ្លង​រាតត្បាត​​ជំងឺ​កូវីដ១៩ ដែរ​ឬ​ទេ?

08 មេសា 2020, Original Reference: VOA Khmer Service

អ្នក​បោះឆ្នោត​នាំ​គ្នា​ឈរតម្រង់​ជួរ​នៅ​វិទ្យាល័យ Riverside ក្រុង Milwaukee រដ្ឋ Wisconsin ដើម្បី​បោះឆ្នោត​បឋម​ ទោះមាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០។ Photo: APចែករំលែក

ទោះបីជាការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​សល់​ពេល​ជាច្រើន​ខែ​ទៀត​ក្តី ក៏​មាន​សំណួរ​ចោទ​សួរ​ឡើង​ថា តើ​ជំងឺ​កូវីដ​១៩ អាច​ផ្លាស់ប្តូររបៀប​នៃ​ការបោះឆ្នោត ដែល​នោះ​ជា​ការអនុវត្ត​សិទ្ធិ​បែប​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​ដែរ​ឬ​ទេ?

ក្នុង​គ្រាដែល​ពលរដ្ឋ​អាមេរិកកាំង​រាប់​លាន​នាក់ កំពុង​ព្យាយាម​បញ្ចៀស​ខ្លួន​កុំ​ឲ្យ​ឆ្លង​វីរុស​កូវីដ​១៩ នោះ ពួកគេ​បាន​ងាក​ទៅ​រក​បច្ចេកវិទ្យា ដើម្បី​បន្ត​កិច្ចការ​ពាណិជ្ជកម្ម រក្សា​ទំនាក់​ទំនង​ជាមួយ​ក្រុមគ្រួសារ និង​ដើម្បី​រក្សា​ទំនាក់​ទំនង​រស់នៅ​ក្នុង​សង្គម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ក៏ប៉ុន្តែ នៅពេល​និយាយ​អំពី​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ​នេះ ដំណោះស្រាយ​ដើម្បី​រក្សា​សុវត្ថិភាព អាច​នឹង​ត្រូវ​បាន​សម្រេច​ដោយ​ការប្រើ​បច្ចេកវិទ្យា​ទាប​វិញ។ នោះ គឺ​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ។

ពលរដ្ឋ​អាមេរិកកាំង​ភាគច្រើន​ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ ធ្លាប់​ប្រមូលផ្តុំ​គ្នា​ដោយ​ផ្ទាល់ ដើម្បី​បោះឆ្នោត​នៅ​ស្ថានីយ៍​បោះឆ្នោត​ក្នុង​តំបន់។ នៅ​ឆ្នាំ​នេះ មាន​ការតម្រូវ​ឲ្យ​នៅ​ផ្ទះ និង​រក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា។ ការទៅ​បោះឆ្នោត​ជុំ​គ្នា​ដូច​ពេល​មុន ទំនងជា​នឹង​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់។

មាន​រដ្ឋ​ចំនួន ១៤ រួច​ទៅ​ហើយ ដែល​បាន​ពន្យារ​ពេល​ការបោះឆ្នោត​បឋម​របស់​ពួកគេ​ដោយសារតែ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ លើក​លែង​តែ​រដ្ឋ​មួយ គឺ​រដ្ឋ Wisconsin ដែល​រៀបចំ​ការបោះឆ្នោត​បឋម​របស់​ខ្លួន​នៅ​ថ្ងៃអង្គារទី៧ ខែមេសា កន្លង​ទៅ​នេះ។ ការពន្យារ​ពេល​នៃ​ការបោះឆ្នោត​បឋម​ទាំងនោះ បាន​បង្ក​ការរំខាន​យ៉ាងខ្លាំង​ដល់​ដំណើរការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី ដែល​ធ្លាប់​បាន​ធ្វើ​ក្នុង​ពេល​កន្លង​មក។

ហេតុ​ដូច្នេះ​ហើយ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​មន្ត្រី​រៀបចំ​ការបោះឆ្នោត​កំពុង​ពិនិត្យ មើល​វិធី​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ។ ដោយសារតែ​ការបោះឆ្នោត អាច​បោះ​ពី​ផ្ទះ​បាន ដោយ​គ្រាន់តែ​មាន​ខ្មៅដៃ​មួយ​ដើម និង​ហត្ថលេខា​នោះ ដូច្នេះ​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ ផ្តល់​នូវ​មធ្យោបាយ​ដើម្បី​ការពារ​សុខភាព​របស់​អ្នកបោះឆ្នោត​ផង និង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ទាំង​អស់​ចូលរួម​បោះឆ្នោត​ផង។

តើការបោះឆ្នោតតាមប្រអប់សំបុត្រធ្វើឡើងដោយរបៀបណា?
តើការបោះឆ្នោតតាមប្រអប់សំបុត្រធ្វើឡើងដោយរបៀបណា?


អ្នកស្រី Amber McReynolds ជា​នាយិកា​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ការបោះឆ្នោត​ជាតិ​ពី​ផ្ទះ ឬ National Vote at Home Institute។ វិទ្យាស្ថាន​នេះ ធ្វើការ​ជំរុញ​ឲ្យ​មាន​ការបោះឆ្នោតដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ។ អ្នកស្រី Amber McReynolds បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«យើង​និយាយ​អំពី​ការបោះឆ្នោតដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ​នេះ នៅក្នុង​ពេល​ដែល​យើង​ស្ថិត​នៅក្នុង​ស្ថានភាព​បន្ទាន់​មួយ។ យើង​ឃើញ​ថា មាន​ការគាំទ្រ​ពី​សំណាក់​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​ ក្នុង​ការកែ​ទម្រង់​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ»។

អ្នកស្រី Amber McReynolds ដែល​ជា​អតីត​ប្រធាន​ការរៀបចំ​បោះឆ្នោត​នៅ​ទីក្រុង Denver រដ្ឋ Colorado បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ដោយ​គិត​ទៅ​ដល់​អ្វី​ដែល​កំពុង​កើតឡើង​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ អ្នកបោះឆ្នោត ប្រហែលជា​មិន​ចង់​ចេញ​ទៅ​បោះឆ្នោត​នៅ​ឯ​ស្ថានីយ៍​បោះឆ្នោត​ដែល​មាន​មនុស្ស​ច្រើន​នោះ​ទេ»។

ទោះបីជា​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ មាន​ភាពទាក់ទាញ ក៏ដោយ​ក៏​ការបោះឆ្នោត​តាម​វិធី​នេះ អាច​ជា​ការផ្លាស់ប្តូរ​ដ៏ធំ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិក​ភាគច្រើន។ អ្នក​ដែល​មាន​ការសង្ស័យ និង​សូម្បី​តែ​អ្នកគាំទ្រ​ខ្លះ​សួរ​ថា តើ​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ដាក់​យន្តការ និង​សន្តិសុខ​សម្រាប់​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែវិច្ឆិកា​ដែរ ឬ ទេ។ អ្នកស្រាវជ្រាវ​លោក Collier Fernekes និង​អ្នកស្រី Rachel Orey បាន​សរសេរ​នៅក្នុង​បទវិភាគ​មួយ​កាលពី​ថ្ងៃទី ១ ខែមេសា​សម្រាប់​មជ្ឈមណ្ឌល​គោលនយោបាយ​ទ្វេភាគី Bipartisan Policy Center ដែល​ជា​ក្រុម​អ្នកស្រាវជ្រាវ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖

«ការសម្របសម្រួល​ឲ្យ​មាន​ការបោះឆ្នោតដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ ដែល​បាន​រៀបចំ​យ៉ាង​ល្អ គឺ​មាន​ការលំបាក​ក្នុងការសម្រេច​ឲ្យ​បាន​ណាស់»។

អ្នកស្រាវជ្រាវ​ទាំងពីរ​រូប​ខាងលើ បាន​ព្រមាន​ថា ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ​នេះ ក៏​អាច​ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​មានការ​ច្រឡំ​ផងដែរ។ អ្នកទាំងពីរ​បាន​បន្ត​ទៀត​ថា៖

«ហើយ​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ កំពុង​កើតឡើង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នោះ ការរៀបចំ​ឲ្យ​មាន​ការបោះឆ្នោតដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ គឺ​កាន់តែ​មាន​ការលំបាក»។

សេចក្ដី​ព្រាង​ច្បាប់​ថវិកា​យក​ទៅ​ប្រើប្រាស់​ដើម្បី​ស្តារ​សេដ្ឋកិច្ចដែល​ធ្លាក់​ចុះ​ដោយ​សារ​ការ​ឆ្លង​វីរុស​កូវីដ​១៩ ដែល​មាន​ចំនួន ២,៤ លាន លាន ដុល្លារ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា និង​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​មាន​រួម​បញ្ចូល​ថវិកា​ចំនួន ៤០០ លាន​ដុល្លារ សម្រាប់​ជួយ​សម្រួល​មន្ត្រី​រៀបចំ​ការបោះឆ្នោតក្នុងពេល​ដែល​មាន​ការរាតត្បាត​នៃ​វីរុស​កូវីដ​១៩​នេះ។

ក៏ប៉ុន្តែ​ក្រុមអ្នកគាំទ្រ​កំពុងតែ​ជំរុញ​ឲ្យ​បាន​លើស​ពី​នេះ​ទៅ​ទៀត រួមទាំង​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​ធ្វើសេចក្តី​ព្រាង​ច្បាប់ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​អាមេរិកកាំង​ទាំងអស់​នូវ​លទ្ធភាព​បោះឆ្នោត ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ​។

រូបឯកសារ៖ សន្លឹកឆ្នោត​សម្រាប់​ផ្ញើ​ឲ្យ​អ្នក​បោះឆ្នោត​ធ្វើការ​បោះឆ្នោត​តាម​ប្រអប់​សំបុត្រ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៦​។
រូបឯកសារ៖ សន្លឹកឆ្នោត​សម្រាប់​ផ្ញើ​ឲ្យ​អ្នក​បោះឆ្នោត​ធ្វើការ​បោះឆ្នោត​តាម​ប្រអប់​សំបុត្រ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៦​។

បោះឆ្នោត​ជាតិ​ដំណើរការ​នៅ​ថ្នាក់​មូលដ្ឋាន

គ្រាដែល​សហរដ្ឋ​អាមេរិក នឹង​បោះឆ្នោត​នៅ​ថ្ងៃទី ៣ ខែវិច្ឆិកា ដើម្បី​ជ្រើសរើស​ប្រធានាធិបតី និង​សមាជិក​សមាជិកា​សភា ការ​រៀប​ចំបោះឆ្នោត​ពិតប្រាកដ ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋ និង​មន្ត្រី​មូលដ្ឋាន។ ពួកគេ​ធ្វើប្រតិបត្តិការ​ក្រោម​ច្បាប់​ផ្សេងៗ​គ្នា ដែល​ចែង​ថា អ្នកណា អាច​បោះឆ្នោត​បាន និង​បោះឆ្នោត​តាម​របៀប​ណា។

ក្នុង​ចំណោម​រដ្ឋ​ទាំង ៥០ នៅ​សហរដ្ឋ​អាមេរិក មាន​តែ រដ្ឋ ៥ ប៉ុណ្ណោះ​ដែល​រៀបចំ​ការបោះឆ្នោត​របស់​ពួកគេ​ស្ទើរតែ​ទាំងស្រុង​តាម​វិធី​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រនេះ។ រដ្ឋ​ទាំង៥​នោះ​មាន៖ រដ្ឋ Colorado រដ្ឋHawaii រដ្ឋOregon រដ្ឋUtah និង​រដ្ឋ Washington។

ទោះជាយ៉ាងនេះក្តី នៅក្នុង​រដ្ឋ​ជាច្រើន សន្លឹកឆ្នោត​មួយ​ចំនួន​ធំ ក៏​ត្រូវបាន​ផ្ញើ​តាម​ប្រអប់​សំបុត្រ​ផងដែរ។ សន្លឹកឆ្នោត​ដែល​ត្រូវបាន​ផ្ញើ​តាម​ប្រអប់​សំបុត្រទាំងនោះ គឺ​សម្រាប់​អ្នក​នៅក្នុង​ជួរ​យោធា អ្នក​ធ្វើដំណើរ​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត ឬ ជនពិការ។

ក៏ប៉ុន្តែ ឥឡូវនេះ រដ្ឋ​ចំនួន ៣៣ ដែល​ភាគច្រើន​នៅ​ភាគខាងលិច និង​ភាគ​កណ្តាលឈាង​ខាងលិច និង​រដ្ឋធានី​វ៉ាស៊ីនតោន ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ​ក្នុង​ហេតុផល​អ្វី​ក៏ដោយ ឬ សន្លឹក​ឆ្នោតដែល​មិន​ចាំ​បាច់​‍«មាន​ហេតុ​ផល»។​

ក្នុង​ចំណោម​នោះ​មាន​រដ្ឋ​កាលីហ្វ័រញ៉ា​ជា​រដ្ឋ​ដែល​មាន​អ្នកបោះឆ្នោត​ច្រើន​ជាងគេ​នៅ​សហរដ្ឋ​អាមេរិក។ នៅក្នុង​ការបោះឆ្នោត​សភា​ពាក់កណ្ដាល​អណត្តិ​នៅ​ឆ្នាំ ២០១៨ ប្រជាពលរដ្ឋ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ជាង ៨ លាន​នាក់ ឬ សន្លឹក​ឆ្នោត​ពីរ​ក្នុង​ចំណោម​សន្លឹក​ឆ្នោតបី ត្រូវបាន​ផ្ញើ​តាម​ប្រអប់​សំបុត្រ។

កាលពី​ខែមុន​រដ្ឋ Michigan បាន​រាយការណ៍​ថា មាន​សន្លឹក​ឆ្នោត​ដ៏​ច្រើន​លើសលប់​ដែល​បាន​ផ្ញើ​តាម​ប្រអប់​សំបុត្រ​សម្រាប់​ការបោះឆ្នោត​បឋម​របស់​ខ្លួន។ នោះ​ជា​លើក​ទី១​ហើយ ដែល​រដ្ឋ​នោះ​បាន​ធ្វើ​ដូច​នោះ ចាប់តាំង​ពី​ពួកគេ​មាន​ច្បាប់​ថ្នាក់​រដ្ឋ​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​មាន​ការបោះឆ្នោត ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ«ដោយ​មិន​ចាំ​បាច់​មាន​ហេតុ​ផល‍»។ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា រដ្ឋ Wyoming និង រដ្ឋAlaska បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ ពួកគេ​នឹង​ធ្វើការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ​ទាំងស្រុង។

សរុប​ទៅ​សន្លឹកឆ្នោត​ជិត​មួយ​ភាគបួន​នៅ​ទូទាំង​សហរដ្ឋអាមេរិក ត្រូវ​បាន​ផ្ញើ​តាម​ប្រអប់​សំបុត្រ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៦ ដែល​គណបក្ស​សាធារណរដ្ឋ បាន​ឈ្នះ​អ្នកស្រី ហ៊ីលឡារី គ្លីនតុន ខាង​គណបក្ស​ប្រជាធិបតេយ្យ។

វិទ្យាស្ថាន​ការបោះឆ្នោត​ជាតិ​ពី​ផ្ទះ ឬ National Vote at Home Institute បាន​ឲ្យ​ដឹង​ថា នៅក្នុង​ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​ឆ្នាំ ២០១៨ គណបក្ស​ប្រជាធិបតេយ្យ​បាន​ដណ្តើម​យក​ការគ្រប់គ្រង​សភា​តំណាងរាស្រ្ត​ពី​គណបក្ស​សាធារណរដ្ឋ។ សន្លឹក​ឆ្នោតដែល​បោះ​តាម​ប្រអប់​សំបុត្រ​មាន​ចំនួន ៤២ លាន​សន្លឹក ដែល​បាន​ជួយជម្រុញ​ឲ្យ​មាន​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ច្រើន​បំផុត​ក្នុង​មួយ​សតវត្សរ៍។

រូបឯកសារ៖ អ្នកបោះឆ្នោត​ទម្លាក់​សន្លឹកឆ្នោត​របស់​ពួកគេ​ក្នុង​ប្រអប់សំបុត្រ​ដោយ​មិន​ចាំបាច់​ចុះពី​រថយន្ដ នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ដែល​ជា​ដំណើរការ​មួយ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ទីក្រុង San Diego រដ្ឋ​ California​ ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ អ្នកបោះឆ្នោត​ទម្លាក់​សន្លឹកឆ្នោត​របស់​ពួកគេ​ក្នុង​ប្រអប់សំបុត្រ​ដោយ​មិន​ចាំបាច់​ចុះពី​រថយន្ដ នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ដែល​ជា​ដំណើរការ​មួយ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ទីក្រុង San Diego រដ្ឋ​ California​ ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ២០១៦។

គម្រូ​តាម​រដ្ឋ Oregon

រដ្ឋ Oregon គឺជា​រដ្ឋ​ដំបូងគេ ដែល​បាន​ធ្វើការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ​ទាំងស្រុង នៅ​ក្នុងការ​បោះឆ្នោត​ទូទៅ និង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ ២០០០។ មន្ត្រី​រៀបចំ​ការបោះឆ្នោត​នៅ​រដ្ឋ​នោះ និយាយ​ថា ដំណើរការ​នេះ​បាន​បង្កើន​ចំនួន​អ្នកចូលរួម​បោះឆ្នោត ហើយ​រដ្ឋ​នេះ ជាប់​ចំណាត់​ថ្នាក់​ជា​រដ្ឋ​មួយ​នៅក្នុង​ចំណោម​រដ្ឋ​ដែល​មាន​អ្នក​បាន​បោះឆ្នោត​ច្រើន​បំផុត

អ្នកបោះឆ្នោត​នៅ​រដ្ឋ Oregon ទទួល​បាន​សន្លឹកឆ្នោត​យ៉ាងតិចណាស់​ពីរ​សប្តាហ៍​មុន​ថ្ងៃ​បោះឆ្នោត។ សន្លឹកឆ្នោត​ទាំងនោះ​មាន​ភ្ជាប់​មក​ជាមួយ​ដោយ​ស្រោមសំបុត្រ​ពីរ គឺ​ស្រោម​ការពារ​កុំឲ្យឃើញថា​គេ​បោះ​ឲ្យ​បេក្ខជន​ណាមួយ និង​ស្រោមសំបុត្រ​សម្រាប់​ផ្ញើរ​ត្រឡប់​ទៅ​វិញ​ដែល​មាន​បិទ​តែម​ប្រៃសណីយ៍​ស្រាប់។

នៅពេល​អ្នកបោះឆ្នោត​គូស​សន្លឹក​ឆ្នោត​របស់​ខ្លួនរួចហើយ គេ​ដាក់​វា​ចូល​ក្នុង​ស្រោម​ការពារ​កុំឲ្យឃើញថា​គេ​បោះ​ឲ្យ​បេក្ខជន​ណាមួយ។ អ្នកបោះឆ្នោត​ចុះ​ហត្ថលេខា​របស់​ពួកគេ​នៅ​ខាងក្រៅ​ស្រោមសំបុត្រ​ដែលសម្រាប់​ផ្ញើរ​ត្រឡប់​ទៅ​វិញ។ ហត្ថលេខា​នោះ ត្រូវ​បាន​យក​ទៅ​ប្រៀបធៀប​នឹង​ហត្ថលេខា​ពីមុន​ដែលមាន​នៅក្នុង​ឯកសារ​ដែល​ពួកគេ​បាន​ចុះ​ ពេល​ពួកគេ​ចុះ​ឈ្មោះ​បោះឆ្នោត។

សន្លឹកឆ្នោត​មិន​ត្រូវ​បាន​យក​ចេញ​ពី​ស្រោម​ការពារ ហើយ​ក៏​មិន​ត្រូវ​បាន​រាប់​ដែរ ប្រសិនបើ​ការប្រៀបធៀប​ហត្ថលេខា ឃើញ​ថា មិន​ត្រូវ​គ្នា។ អ្នកបោះឆ្នោត អាច​ផ្ញើ​សន្លឹក​ឆ្នោត​របស់​ខ្លួន​តាមប្រអប់​សំបុត្រ ឬ យក​ទៅ​ទីតាំង ឬ ការិយាល័យ​បោះឆ្នោត ណាមួយ​ដែល​ងាយស្រួល​សម្រាប់​ម្ចាស់​សន្លឹកឆ្នោត​នោះ។

សមាជិក​ព្រឹទ្ធសភា​ខាងគណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Oregonលោក Ron Wyden គឺជា​សមាជិក​ព្រឹទ្ធសភា​ដំបូងគេ​នៅ​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​តាម​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ​ទាំងស្រុង នៅក្នុង​ការបោះឆ្នោត​ពិសេស​នៅ​ឆ្នាំ ១៩៩៦។ លោក Ron Wyden និង​អតីត​បេក្ខនារី​ប្រធានាធិបតី អ្នកស្រី Amy Klobuchar ដែល​ជា​សមាជិកា​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ​មីនីសូតា កំពុង​គាំទ្រ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មាន​ការបោះឆ្នោត​ទូទៅ ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ​នៅ​ខែវិច្ឆិកា។ អ្នកស្រី

Amy Klobuchar បាន​ប្រាប់​សារព័ត៌មាន The New York Times កាលពី​ពេល​ថ្មីៗ​នេះ​ថា៖

«យើង​មិន​និយាយ​ថា នឹង​លុបចោល​ស្ថានីយ៍​បោះឆ្នោត​ទាំងអស់​តាម​មធ្យោបាយ​ណា​មួយ​នោះ​ឡើយ។ វា​គ្រាន់តែ​ថា វិធី​នេះ នឹង​ធ្វើឲ្យ​មនុស្ស​កាន់តែ​ច្រើន​ទៅ​បោះឆ្នោត។​វិធីនេះ ផ្តល់​លទ្ធផល​កាន់តែ​ប្រសើរ»។

រូបឯកសារ៖ អ្នកស្រី Barb Kearney-Schupp ទម្លាក់​សន្លឹកឆ្នោត​ក្នុង​ធុង​សម្រាប់​បោះឆ្នោត​តាម​ប្រអប់​សំបុត្រ ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​មហាវិទ្យាល័យ Seattle Central ក្នុង​ទីក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន។
រូបឯកសារ៖ អ្នកស្រី Barb Kearney-Schupp ទម្លាក់​សន្លឹកឆ្នោត​ក្នុង​ធុង​សម្រាប់​បោះឆ្នោត​តាម​ប្រអប់​សំបុត្រ ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​មហាវិទ្យាល័យ Seattle Central ក្នុង​ទីក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន។

សង្គ្រាមនៃល្បែងនយោបាយ

ទោះជាយ៉ាងនេះក្តី កាលពី​ខែ​មុន​មជ្ឈមណ្ឌល Brennan បាន​ស្នើ​សុំ​ផែនការ​លម្អិត ដើម្បី​ធានា​ឲ្យ​មាន​ជម្រើស​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ​នេះ។ ការចំណាយ​ដែល​បាន​ប៉ាន់ស្មាន​គ្រាន់​តែ​ទៅ​លើការ​ការធានា​នោះ​តែ​មួយ​មុខ គឺ ១ពាន់ ៤ រយ​លាន​ដុល្លារ​សម្រាប់​បច្ចេកវិទ្យា ការបោះពុម្ព​សន្លឹកឆ្នោត​ តែម​ប្រៃសណីយ៍ ប្រអប់​សំបុត្រ សន្តិសុខ ការអប់រំ​ដល់​អ្នកបោះឆ្នោត និង​ដំណើរការ​បោះឆ្នោត។

ប្រធាន​រដ្ឋ​សភា​ដែល​មក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Nancy Pelosi បាន​ស្នើ​ថវិកា​ចំណាយ ២ ពាន់​លាន​ដុល្លារ និង​រហូត​ដល់ ៤ ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការបោះឆ្នោត​នៅ​ខែវិច្ឆិកា នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់។

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ នយោបាយ​ទាក់ទងនឹង​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ​នេះ គឺ​ទៅ​តាម​គណបក្ស។ គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​និន្នាការ​ទទួល​បាន​ផលប្រយោជន៍​ពី​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ច្រើននោះ គាំទ្រ។ រីឯ​គណបក្ស​សាធារណរដ្ឋ​ដូចជា​មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​គឺ​លោក Mitch McConnel បាន​និយាយ​ថា ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ សម្រាប់​ការបោះឆ្នោត​ជាតិ នឹង​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​រដ្ឋ​ក្នុងការ​គ្រប់គ្រង​ការបោះឆ្នោត​របស់​ខ្លួន។

ក្រុមអ្នកអភិរក្ស​ដូចជា​មូលនិធិ Heritage Foundation អះអាង​ថា ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ​ងាយ​រងគ្រោះ​ដោយ​ការក្លែង​បន្លំ​ផ្សេងៗ។ឧទាហរណ៍ កាលពី​ឆ្នាំមុន មន្ត្រី​នៅ​រដ្ឋ North Carolina ត្រូវ​បញ្ជា​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញ បន្ទាប់ពីបុគ្គលិក​ប្រតិបតិ្តការ​សម្រាប់​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​ម្នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រមូល​សន្លឹកឆ្នោត របស់​អ្នក​បោះ​ឆ្នោត​ដែល​អវត្តមាន​ដោយ​ខុសច្បាប់​នៅ​ក្នុង​ការបោះឆ្នោត​បឋម។

រដ្ឋ​នានា​មាន​គោលការណ៍​ខុសៗ​គ្នា​អំពី​ថា តើ​អ្នកណា​អាច​ប្រគល់​សន្លឹក​ឆ្នោត​អ្នកអវត្តមាន​បាន ជំនួស​ឲ្យ​ម្ចាស់​សន្លឹក​ឆ្នោត។ អ្នកគាំទ្រ​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ និយាយ​ថា ករណី​ក្លែងបន្លំ គឺ​កម្រ​មាន​ណាស់ ហើយ​ហានិភ័យ ត្រូវ​បាន​បំផ្លើស។

ថ្លែង​ក្នុង​កម្មវិធី «Fox & Friends» កាលពី​ពេល​ថ្មីៗ​នេះ លោក​ប្រធានាធិបតី Trump បាន​រិះគន់​ការខិតខំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ទទួល​បាន​ថវិកា​បន្ថែម​សម្រាប់​ការបោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ​នៅក្នុង​ច្បាប់​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​លោក​ចាត់ទុក​ថា វា​ជា​សកម្មភាព​មួយ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​គណបក្ស​របស់​ខ្លួន។ លោក ត្រាំ បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ពួកគេ​មាន​អ្វីៗ ដូចជា​ កម្រិត​នៃ​ការបោះឆ្នោត​ដែល​ប្រសិនបើ​យើង​យល់ព្រម​តាម​ពួកគេ​នោះ យើង​នឹង​លែង​មាន​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​ជាប់​ឆ្នោត​ទៀត​ហើយ​នៅក្នុង​ប្រទេស​នេះ»។

អ្នកគាំទ្រ​ការបោះឆ្នោតដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ អ្នកស្រី McReynolds បាន​កត់សម្គាល់​ថា លោក​ប្រធានាធិបតី និង​លោកស្រី Melania Trump បាន​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ នៅក្នុង​ការបោះឆ្នោត​បឋម​នៅ​រដ្ឋ​Floridaនៅ​ឆ្នាំ​នេះ។ អ្នកស្រី McReynolds បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ទៀត​ថា៖

«ប្រហែលជា មាន​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជាច្រើន បាន​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រអប់​សំបុត្រ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ រាល់​ការសិក្សា​ដែល​យើង​បាន​ឃើញ​នា​ពេល​ថ្មីៗ​នេះ គឺ​ថា ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹកឆ្នោត​តាម​ប្រអប់​សំបុត្រ​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកបោះឆ្នោត​ទាំងអស់ ទោះបី​អ្នក​នោះ​ជា​អ្នកខាង​គណបក្ស​សាធារណរដ្ឋ ឬ ខាង​គណបក្ស​ប្រជាធិបតេយ្យ​ក៏ដោយ»៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់