គណ​បក្ស​​សង្គ្រោះ​​ជាតិ​​និង​​NGO​៖​​ការរៀប​ចំ​បោះ​ឆ្នោត​​ក្រៅ​​ប្រទេស​​នឹង​​ធ្វើទៅ​បាន​​បើ​រដ្ឋាភិបាល​​មាន​ឆន្ទៈ

គណ​បក្ស​​សង្គ្រោះ​​ជាតិ​​និង​​NGO​៖​​ការរៀប​ចំ​បោះ​ឆ្នោត​​ក្រៅ​​ប្រទេស​​នឹង​​ធ្វើទៅ​បាន​​បើ​រដ្ឋាភិបាល​​មាន​ឆន្ទៈ​​

Op-Ed: Vayoo FM
16-02-2016 8:51 am
 ចំនួនទស្សនា 710

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ថា កម្ពុជា​អាច​នឹង​ពិចារណា​អំពី​ការរៀបចំ​ការបោះឆ្នោត​ក្រៅប្រទេស​បាន ល្គឹក​ណា​វា​ជា​ការបោះឆ្នោត​ប្រធានាធិបតី ឬ​ជា​ការ​បោះ​​ឆ្នោត​ឯកត្តនាម​។ ប៉ុន្តែ​បើ​ជា​ការបោះឆ្នោត​បែប​សមាមាត្រ​ដូច​សព្វថ្ងៃ គឺ​មិន​អាច​រៀបចំ​ការបោះឆ្នោត​ក្រៅប្រទេស​បាន​ឡើយ​។ សម្រាប់​អ្នកវិភាគ​យល់ថា ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ពិតជា​ត្រឹមត្រូវ​។ ដោយឡែក​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ថា ការរៀបចំ​បោះឆ្នោត​ក្រៅ​ប្រទេស​នឹង​ធ្វើទៅបាន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​។

 

​ថ្លែង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៥០០​នាក់ ដែល​រស់នៅ​សហរដ្ឋអាមេរិក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ផង​ដែរ​នោះ បានបញ្ជាក់​ថា កម្ពុជា​អាច​នឹង​ពិចារណា​អំពី​ការរៀបចំ​ការបោះឆ្នោត​ក្រៅប្រទេស​បាន ល្គឹក​ណា​វា​ជា​ការបោះឆ្នោត​ប្រធានាធិបតី ឬ​ជា​ការបោះឆ្នោត​ឯកត្តនាម​។ ប៉ុន្តែ​ថា បើ​ជា​ការបោះឆ្នោត​បែប​សមាមាត្រ​ដូច​សព្វថ្ងៃ គឺ​មិន​អាច​រៀប​ចំ​ការ​បោះឆ្នោត​ក្រៅប្រទេស​បាន​ឡើយ​។ មិន​បាន​ដោយ​សម្តេច អះអាងថា ដោយសារតែ ការបោះឆ្នោត​នៅ​កម្ពុជា នៅ​មាន​គេ​ថា​មាន​ការលួចបន្លំ ចុះ​ទម្រាំ​បោះឆ្នោត​នៅ​អាមេរិក​នៅ​ឆ្ងាយ​? នេះ​ជា​មូល​ហេតុ​មួយ ហើយ​បញ្ហា​ម៉ោង​ខុសគ្នា ក៏​ជា​បញ្ហា​មួយ​ទៀត​ដែរ​។​

 

​លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អ​នា​គត់ បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការលើកឡើង​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ គាំទ្រ​ដោយ​លោក អ៊ូ វីរៈ អះអាងថា សព្វថ្ងៃ​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​​តាម បែប​សមាមាត្រ ហើយ​សមាស​ត្រ​នេះ​ប្រព្រិត្ត​ឡើង​នៅតាម​ខេត្ត ដូច្នេះ​លុះត្រាតែ​ប្រជា​ពលរដ្ឋ​ខ្មែរ នោះ​មានឈ្មោះ​នៅក្នុង​អាស័យដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា ទើប​អាច​មាន​សិទ្ធិ​បោះឆ្នោត​បាន​។

​សំឡេង​លោក អ៊ូ វីរៈ​៖

​ផ្ទុយ​ពី​លោក អ៊ូ វីរៈ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រែល បាន​អះអាង​ថា ការផ្តល់​សិទ្ធិ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​បាន​បោះឆ្នោត​នៅ​កម្ពុជា គឺ​យើង​អាចធ្វើ​បាន​ដោយ​មិន​ប្រកាន់ ការ​បោះឆ្នោត​បែប​ប្រធានាធិបតី ឬ​ជា​ការបោះឆ្នោត​បែប​ឯកត្តនាម ឬ​សមាមាត្រ​ឡើយ​។​

 

​បើ​តាម​លោក គល់ បញ្ញា ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​បាន រដ្ឋាភិបាល​គួរតែ ផ្តល់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ក្រៅប្រទេស​បាន​បោះឆ្នោត​មុន​នៅ​កម្ពុជា ហើយ​ការរៀបចំ​សន្លឹកឆ្នោត​ឲ្យបាន ត្រឹមត្រូវ​ទើប​បញ្ជូលមក​កម្ពុជា​។ ដោយ​លោក គល់ បញ្ញា បញ្ជាក់ថា នីតិវិធី​នេះ​ត្រូវបាន​គេ​ធ្វើ​ច្រើន នៅ​លើក​ពិភពលោក ក្នុងនោះ​ក៏​មាន​ប្រទេស​ក្រីក្រ​ជាង​កម្ពុជា​ក៏​អាចធ្វើ​បាន​ដែរ​ដូចជា​ប្រទេស ភូមិ​មា ជាដើម​។​

​សំឡេង​លោក គល់ បញ្ញា​៖

 

​ដោយឡែក​ចំពោះ​លោក យ៉ែម បុញ្ញ​ឫទ្ធិ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា លោក​ទទួលស្គាល់​ពី​ចំណុច​លំបាក ដែល​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានលើកឡើង ពិ​ព្រោះ​វា​ត្រូវការ​ពេលវេលា និង​ចំណាញ​ខ្ពស់។ ប៉ុន្តែ​បើ​យើង​យក​ការ​បោះឆ្នោត​បែប​ឯកត្តនាម​វា​មាន ភាពងាយស្រួល​ជាង​បែប​សមាមាត្រ​។ យ៉ាងណាក្តី លោក យ៉ែម បុញ្ញ​ឫទ្ធិ បាន​សម្តែង​សុទិដ្ឋិនិយម​ថា ការផ្តល់​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​នៅ​កម្ពុជា​អាច​ធ្វើទៅបាន ឲ្យតែ​រដ្ឋាភិបាល​មានឆ​ន្ទៈ​។​

​សំឡេង​លោក យ៉ែម បុញ្ញ​ឫទ្ធិ​៖

 

​ជា​ការគត់សម្គាល់ ការបង្ហាញ​ពី​មូលហេតុ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន  ទាក់ទង​និង​ការផ្តល់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​នៅ​កម្ពុជា​​​នេះ បាន​ធ្វើឡើង​ហាក់ដូចជា​ការឆ្លើយតប​ទៅ​និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី ដោយបាន​អំពាវនាវ​ដល់​សកម្មជន​គាំទ្រ​នៅ​ឯនាយសមុទ្រ​ថា ប្រសិនបើ​គណបក្ស​កាន់​អំណាច​​​នៅ​កម្ពុជា ចង់​មក​បញ្ចុះបញ្ចូល ឬ​ទាក់ទង​ប្រជាពលរដ្ឋ នៅ​ក្រៅប្រទេស គួរ​សួរ​តែ​មួយ​សំនួរ​ថា តើ​ពេល​ណា​ឲ្យ​ខ្មែរ​នៅ​ក្រៅប្រទេស មាន​សិទ្ធិ​បោះឆ្នោត​បាន​?

(ដោយ៖គួន សំបូរ)