ខ្មែរ​ក្រៅ​ប្រទេស​សកម្ម​ពេល​អ្នក​ក្នុង​ស្រុក​រង​ការ​គាបសង្កត់

Op-Ed: VOA Khmer

បាតុកម្មថ្មីៗនេះ បានកើតមានឡើងនៅទីក្រុងហ្ស៊ឺណែវប្រទេសស្វ៊ីស និងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាននិងអូស្ត្រាលី។

ម៉ែន គឹមសេង
VOA khmerកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ពលរដ្ឋខ្មែរនៅអឺរ៉ុបបានមកជួបជុំគ្នាតវ៉ានៅទីក្រុងហ្ស៊ឺណែវប្រទេសស្វ៊ីសដើម្បីទាមទារឱ្យអង្គការសហប្រជាជាតិជួយដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជាឱ្យបានឆាប់។

បាតុកម្មស្រដៀងគ្នានេះបានកើតមានឡើងកាលពីចុងសប្តាហ៍មុននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាននិងអូស្ត្រាលី។ ពួកគេបានប្រឆាំងនឹងវត្តមានរបស់លោកនៅទីនោះ។

បាតុករបានស្រែកព្រមៗគ្នាថា៖ «….Hun Sen, Go home! Hun Sen, Go home!‍» ដែលមានន័យថា«ហ៊ុន សែនត្រឡប់ទៅប្រទេសលោកឯងវិញទៅ!‍»

ទាំងនេះជាសកម្មភាពមួយចំនួនដែលសហគមន៍ខ្មែរនៅក្រៅប្រទេសបានធ្វើក្នុងពេលដែលវិបត្តិនយោបាយបានផ្ទុះជាថ្មីឡើងវិញបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានធ្វើទុកបុក្ខម្នេញគណបក្សប្រឆាំង បណ្តាញសារព័ត៌មានឯករាជ្យនិងអង្គការសង្គមស៊ីវិល។

លោក ថៃ មករា តំណាងសហគមន៍ខ្មែរនៅអឺរ៉ុបបានបញ្ជាក់ប្រាប់ VOA ថា៖

«បងប្អូនកូនខ្មែរទាំងអស់គ្នាដែលបានចេញមកក្រៅប្រទេសនេះមិនបានភ្លេចពីទឹកដីដែលខ្លួនបានកើតនោះទេគឺទោះបីជាយើងមកដល់ទីនេះមានការហូបចុកត្រឹមត្រូវ មានផ្ទះសម្បែងស្នាក់នៅ មានការងារធ្វើឡានជិះអីរៀងៗខ្លួន ប៉ុន្តែយើងនៅតែនឹកស្រណោះទៅដល់ប្រទេសរបស់យើងជានិច្ច ហើយជាពិសេសក្នុងសម័យនេះដែលជាសម័យយើងអាចមានទំនាក់ទំនងគ្នាទូរស័ព្ទទៅថ្មើម៉ានក៏បាន ទំនាក់ទំនងតាមបែបហ្វេសប៊ុកក៏បានគឺកាន់តែធ្វើឱ្យយើងមានភាពក្តុកក្តួលថែមទៀត នឹកអាល័យស្រុក នឹកប្រជាជនខ្លួនឯងថែមទៀតផងនៅពេលដែលឃើញគេធ្វើបាប‍»។

តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំមុនហើយបានហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ច្បាប់ពន្ធដារជាលេស ដើម្បីគាបសង្កត់សារព័ត៌មានឯករាជ្យមួយចំនួនឱ្យបិទទ្វារ ក្នុងនោះមានកាសែតជាភាសាអង់គ្លេស The Cambodia Daily និងវិទ្យុអាស៊ីសេរី។

សហគមន៍ខ្មែរនៅអាមេរិកនិងកាណាដា ទីដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេនៅក្រៅប្រទេស បានធ្វើសកម្មភាពជាច្រើនដើម្បីឱ្យមានការគាំទ្រពីរដ្ឋបាលក្រុងវ៉ាស៊ីនតោននិងក្រុងអូតាវ៉ា។ សកម្មជនបានធ្វើបាតុកម្ម រៀបចំជាវេទិកាមហាជន និងជួបជាមួយនឹងអ្នកតំណាងរាស្រ្តដើម្បីស្នើសុំឱ្យមានការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យកែប្រែស្ថានការណ៍មកដូចដើមវិញ។

លោក សេង សុភ័ណ ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស (The CEROC) ដែលមានមូលដ្ឋាននៅទីក្រុងវែនគូវើ ប្រទេសកាណាដា ធ្លាប់តែបានបំផុសពលរដ្ឋឱ្យចូលរួមសកម្មភាពនយោបាយនិងទាមទារសិទ្ធិបោះឆ្នោត ប៉ុន្តែការរំលាយគណបក្សសង្គ្រោះជាតិបានធ្វើឱ្យទិសដៅនៃការតស៊ូមតិមកជាការទាមទារឱ្យមានការគោរពលទ្ធិប្រជាធិបតេយ្យនិងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។ ក្នុងបណ្តាសកម្មភាពមានការធ្វើញត្តិតាមបណ្តាញអ៊ីនធឺណិតទាមទារឱ្យប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសើរើពិនិត្យមើលការអនុវត្តនេះឡើងវិញជាដើម។

លោក សេង សុភ័ណ បានបញ្ជាក់ថា៖

«អីចឹងទេ យុទ្ធសាស្រ្តរបស់យើងគឺយើងបត់បែនទៅរកការទាមទារឱ្យមានការសើរើឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យមានការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវ មិនមែនសេរីយុត្តិធម៌តាមបែបប្រទេសរុស្ស៊ីតាមបែបប្រទេសចិនទេ។ យើងអត់ចង់បានទេព្រោះមិនមែនជាការបោះឆ្នោតមួយតាមលទ្ធិប្រជាធិបតេយ្យ ជាការបោះឆ្នោតបែបបក្សតែមួយឬការបោះឆ្នោតដោយបក្សកុម្មុយនិស្ត»។

លោក ម៉ែន វណ្ណៈ សកម្មជនសហគមន៍ខ្មែរនៅទីក្រុងឡូវ៉ែលរដ្ឋម៉ាស្សាឈូសិតតែងតែដឹកនាំការធ្វើបាតុកម្មជាច្រើនក្នុងពេលកន្លងមក។

លោកបញ្ជាក់ថា៖

«អ្វីដែលយើងបានធ្វើនិងបន្តធ្វើគឺយើងធ្វើដដែលៗគឺសុំយ៉ាងណាដល់ប្រទេសដែលធ្លាប់ផ្តល់ជំនួយទៅប្រទេសកម្ពុជាសុំឱ្យគេត្រួតពិនិត្យមើលឡើងវិញថារដ្ឋាភិបាលបានធ្វើអ្វីខ្លះ។ ធ្វើទុក្ខបុកម្នេញអ្នកប្រជាធិបតេយ្យយ៉ាងណា លើអង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំង។ នេះគឺជាការងារដែលយើងធ្វើជាប្រចាំតាំងពីដើមមក‍»។

នៅចុងខែមីនានេះតំណាងសហគមន៍ខ្មែរនៅទូទាំងពិភពលោកនឹងមកជួបជុំគ្នានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលីដើម្បីចូលរួមក្នុងសន្និសីទរយៈពេលបីថ្ងៃ ដើម្បីពិភាក្សាស្វែងរកវិធីដោះស្រាយបញ្ហាប្រឈមដែលប្រទេសកម្ពុជាកំពុងជួបប្រទះខាងផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ចដែលក្នុងនោះមានវិស័យសុខាភិបាល អប់រំសិក្សាធិការ អភិវឌ្ឍន៍ជនបទ ចំណាកស្រុក និងជនអន្តោប្រវេសន៍ជាដើម។

លោក ហុង លីម អ្នកតំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរនិងជាអ្នករៀបចំ«សន្និសីទពិភពលោកសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់កម្ពុជា‍» យល់ថា ជាការប្រមូលផ្តុំបញ្ញាស្មារតីខ្មែរដើម្បី កែប្រែលម្អបញ្ហាប្រឈមទាំងនេះដែលលោកចាត់ទុកថាជា«បញ្ហាដ៏តក់ក្រហល់ជាបញ្ហាប្រឈមមុខយ៉ាងខ្លាំង»របស់កម្ពុជា។

លោកបន្ថែមថា៖

«ដូច្នេះយើងជាម្ចាស់ស្រុក យើងជាខ្មែរត្រូវតែហ៊ានចាត់ប្រឈមមុខយកបញ្ហានេះយកមកគិតហើយគិតហ្នឹងគិតដោះស្រាយទោះអ្នកណាមិនដោះស្រាយក៏ដោយក៏បញ្ហាហ្នឹងវានៅ តែជាបញ្ហាដែលយើងនៅតែដោះស្រាយ‍»។

អង្គភាពស៊ើបការណ៍សេដ្ឋកិច្ចបានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់១២៤ក្នុងចំណោម១៦៧ប្រទេសដោយធ្លាក់ចុះពី«រដ្ឋាភិបាលកូនកាត់‍»មួយមកជារបប«ដឹកនាំផ្តាច់ការ‍»ដោយសារបានរំលាយគណបក្សសង្គ្រោះជាតិដែលជាដៃគូប្រកួតដ៏ធំមួយរបស់គណបក្សកាន់អំណាច។

អ្នកនយោបាយគណបក្សប្រឆាំងមួយចំនួនបានរត់ភៀសខ្លួនមកនៅក្រៅប្រទេសដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញនិងបន្តសកម្មភាពនយោបាយក្នុងខណៈពេលដែលសហការីរបស់ពួកគេមួយចំនួនបន្តស្នាក់នៅក្នុងប្រទេសប៉ុន្តែមិនបានធ្វើសកម្មភាពនយោបាយធំដុំអ្វីទេ។

លោក គុជ ចាន់លី អ្នកវិភាគឯករាជ្យនៅរដ្ឋម៉ារីឡែនបានបញ្ជាក់ថាភាពសកម្មរបស់សហគមន៍ខ្មែរនៅក្រៅប្រទេសគឺជា«ក្តីសង្ឃឹមមួយ‍»ក្នុងខណៈពេលដែលពលរដ្ឋខ្មែរនៅក្នុងប្រទេសទទួលរងការគាបសង្កត់ហើយមិនអាចធ្វើសកម្មភាពបានទូលំទូលាយ។

លោកបន្ថែមថា៖

«នេះជាចម្បាំងតាមផ្លូវសន្តិភាព តាមផ្លូវអហិង្សាដែលប្រជាពលរដ្ឋខ្មែរយើងចង់ធ្វើនៅក្រៅប្រទេសនេះ។ បញ្ហាដែលគួរឱ្យព្រួយបារម្ភត្រង់ថា អ្វីដែលរាជរដ្ឋាភិបាលប្រទេសកម្ពុជាធ្វើគេនៅតែធ្វើ។ គេមិនស្តាប់តាមការសុំ តាមការទាមទាររបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសនិងនៅក្រៅប្រទេស‍»។

លោក ចាន់លី បន្ថែមថា ស្ថានការណ៍នៅប្រទេសកម្ពុជាថ្វីបើគ្មានសង្គ្រាមប្រដាប់អាវុធមែន ប៉ុន្តែវាមានទំហំធំជាងសង្គ្រាមដែលកើតមាននៅបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាប្រទេសហើយទាមទារឱ្យគ្រប់ភាគីចូលរួមដោះស្រាយគឺមិនមែនតែសហគមន៍នៅក្រៅប្រទេសទេ។

«ខ្ញុំយល់ឃើញថាអ្នកនៅក្នុងស្រុកក៏មានប្រយោជន៍ ពីព្រោះថាភ្លើងឆេះនៅស្រុកខ្មែរឯណោះហើយបើយើងបាចទឹកពីក្រៅស្រុកអាមេរិក ស្រុកអូស្ត្រាលី អាល្លឺម៉ង់ កាណាដា បារាំង វាអត់ទៅដល់ស្រុកខ្មែរទេ។ បើសិនជាអ្នកក្រៅចង់ជួយវាទាល់តែអ្នកក្នុងស្រុកជួយខ្លួនឯងផងហើយអ្នកក្នុងស្រុកគ្មានកម្លាំងពលំ គ្មានធនធានអ្វីសព្វបែបយ៉ាងត្រូវការជំនួយពីអ្នកក្រៅស្រុកឱ្យជួយអង្រួនទាមទារមហាអំណាចផ្សេងៗឱ្យគេជួយការពារអ្នកនៅក្នុងស្រុករបស់យើងទើបអ្នកនៅក្នុងស្រុកហ្នឹងងើបរួចពីការបាក់ស្បាតហើយទាមទារយកសិទ្ធិសេរីភាពក្នុងការបម្រើប្រទេសជាតិក្នុងការការពារប្រទេសជាតិរបស់ខ្លួន‍»។

ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដាឆ្នាំនេះ។ សហគមន៍អន្តរជាតិបានស្នើសុំឱ្យរៀបចំការបោះឆ្នោតមួយដែលសេរីនិងយុត្តិធម៌ដោយត្រូវមានវត្តមានគណបក្សប្រឆាំងនិងដោះលែងមេដឹកនាំរបស់ពួកគេជាដើម។

លោក ថៃ មករា ដែលជាតំណាងសហគមន៍ខ្មែរនៅអឺរ៉ុបបានបញ្ជាក់ថា ពេលវេលាកាន់តែខ្លីណាស់ហើយសម្រាប់រៀបចំការបោះឆ្នោតតាមស្តង់ដាដែលអន្តរជាតិអាចទទួលស្គាល់បានហើយលោកនឹងដឹកនាំបាតុកម្មថ្មីមួយទៀតនៅទីក្រុងប៉ារីសប្រទេសបារាំងនៅខែក្រោយ។

លោកបន្ថែមថា៖

«ឥឡូវនេះពេលវេលាកាន់តែខើចទៅហើយសម្រាប់អាណត្តិបោះឆ្នោតដែលនឹងមកដល់នៅថ្ងៃទី២៩ខែកក្កដា២០១៨នេះ បងប្អូនខ្មែរយើងមានការព្រួយបារម្ភជាខ្លាំងដែលរបបប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សធ្លាក់ចុះនៅប្រទេសខ្មែរ។ យើងនឹងបន្តដំណើររបស់យើងទៀត ធ្វើបន្តទៀតរហូតទៅដល់អ្វីគ្រប់យ៉ាងត្រឡប់មករកដើមវិញហើយប្រទេសយើងបានក្លាយជាប្រទេសអ្នកប្រកាន់ប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សយ៉ាងពិតប្រាកដ‍»។

សកម្មជនមើលឃើញថា ការតស៊ូផ្លូវការទូតនៅក្រៅប្រទេសត្រូវការភាពអត់ធ្មត់និងចំណាយពេលវេលាយូរព្រោះជាការទទូចស្នើសុំឱ្យប្រទេសមហាអំណាចធ្វើតាមការចង់បានគឺមិនមែនជាការបង្គាប់បញ្ជាទេ។

លោក ម៉ែន វណ្ណៈ មកពីទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិតបានផ្តល់ជាឧទាហរណ៍ថា ក្នុងពេលដែលសហគមន៍ក្រៅប្រទេសតវ៉ាប្រឆាំងនឹងចំណាត់ការរំលោភបំពានលើលទ្ធិប្រជាធិបតេយ្យដែលប្រព្រឹត្តដោយរដ្ឋាភិបាលកម្ពុជាប៉ុន្តែក្នុងសប្តាហ៍កន្លងទៅនេះរដ្ឋាភិបាលអូស្ត្រាលីបែរជាបានអញ្ជើញមេដឹកនាំអាស៊ានមកជួបប្រជុំកំពូលនៅទីក្រុងស៊ីដនី ដោយក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនហើយអូស្រ្តាលីថែមទាំងបានសន្យាផ្តល់ថវិកាជំនួយអភិវឌ្ឍន៍ចំនួន៦៨លានដុល្លារទៀតផង។

លោក ម៉ែន វណ្ណៈ បានបន្ថែមថា៖

«នេះជារឿងមួយដែលយើងមើលឃើញថា សម្ពាធការទូតរបស់អន្តរជាតិមិនទាន់មានប្រសិទ្ធភាពនៅឡើយទេហើយយើងទទូចយ៉ាងម៉ឺងម៉ាត់ថា សូមឱ្យពិនិត្យពិចារណាឡើងវិញសូមកុំឱ្យបណ្តែតបណ្តោយកុំឱ្យលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាហ្នឹងស្លាប់បាត់បង់ជីវិតដោយសារតែប្រទេសអន្តរជាតិមួយចំនួនដែលជាប្រទេសហត្ថលេខីហ្នឹងមិនអើពើពីទង្វើរបស់រដ្ឋាភិបាល‍»។

យ៉ាងណាក៏ដោយសម្ពាធអន្តរជាតិក៏មានជាបន្តបន្ទាប់ផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍ក្រុមប្រទេសចំនួន៤៥ដែលនាំមុខដោយប្រទេសណូវែលហ្សេឡង់បានចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសទង្វើរបស់រដ្ឋាភិបាលមកលើគណបក្សប្រឆាំងនិងសង្គមស៊ីវិល។

ក្រុមប្រឹក្សាសហគមន៍អឺរ៉ុបបានស្នើឱ្យកម្ពុជាគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងលទ្ធផលឆ្នោតក្នុងពេលកន្លងមកហើយបានព្រមានពីលទ្ធភាពនៃការកាត់ផ្តាច់ឋានៈអនុគ្រោះពន្ធដែលកម្ពុជាទទួលបានពីទីផ្សារដ៏ធំនៅទីនោះ។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាហើយកាលពីដើមខែកុម្ភៈសមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពលចំនួន៥នាក់បានស្នើឡើងនូវសេចក្តីព្រាងច្បាប់«ស្តីពីការទទួលខុសត្រូវរបស់កម្ពុជានិងធ្វើឱ្យការវិនិយោគត្រឡប់ដូចដើមវិញ‍‍»ហៅកាត់ថា CARI Act ដែលនឹងដាក់ទណ្ឌកម្មបន្ថែមជាច្រើនដល់រដ្ឋាភិបាលកម្ពុជាផងដែរ។

លោក ឌីក ដឺប៊ិន សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនិងជាអ្នកចូលរួមស្នើសេចក្តីព្រាងច្បាប់ CARI Act បានប្រាប់ដល់សមាជិកសហគមន៍ខ្មែរនៅទីក្រុងឈីកាហ្កោ រដ្ឋអ៊ីលីណយកាលពីពាក់កណ្តាលខែមីនាថានេះជាមធ្យោបាយមួយដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលលោកហ៊ុន សែន «ប្តូរគោលនយោបាយ‍»។

លោកបានបន្ថែមថាសហរដ្ឋអាមេរិកមានយន្តការច្រើនទៀតដែលអាចដាក់សម្ពាធលើកម្ពុជាបាន៖

«ប៉ុន្តែបើមិនទទួលការឆ្លើយតបទៀតយើងនឹងយកករណីនេះទៅអង្គការសហប្រជាជាតិដើម្បីប្រមូលផ្តុំប្រទេសនៅលើពិភពលោកឱ្យចូលរួមគាំទ្រយើង។ ហើយប្រសិនបើនៅតែមិនមានប្រសិទ្ធភាពគឺឈានទៅដល់ការដាក់ទណ្ឌកម្មលើពាណិជ្ជកម្ម និងទំនាក់ទំនងនៃប្រទេសទាំងពីរ។ វិធានការទាំងនេះជៀសផុតពីសង្គ្រាមនិងយោធាប៉ុន្តែនៅតែដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា‍»។

កិច្ចខិតខំប្រឹងប្រែងអន្តរជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិបាននាំមកនូវការបង្រួបបង្រួមជាតិមួយដល់ប្រទេសកម្ពុជាតាមរយៈការបោះឆ្នោតឆ្នាំ១៩៩៣និងបង្កើតបាននូវរដ្ឋធម្មនុញ្ញមួយដែលមានលក្ខណៈប្រជាធិបតេយ្យប៉ុន្តែដំណើរវិវត្តរយៈពេល២៥ឆ្នាំនៃលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីនេះនៅតែតម្រូវឱ្យសហគមន៍ខ្មែរក្រៅប្រទេសបន្តទាមទារមិនទាន់ឈប់នៅឡើយ៕