ក្រុម​ការងារ​បក្ស​ទាំង​ពីរ​ព្រម​ព្រៀង ពី​នីតិវិធី​ដក​មន្ត្រី​ដឹក​នាំ គ.ជ.ប

មន្ត្រី គ.ជ.ប ប្រជុំ​ជាមួយ​តំណាង​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​កាល​ពី​ដើម​ឆ្នាំ​នេះ។

មន្ត្រី គ.ជ.ប ប្រជុំ​ជាមួយ​តំណាង​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​កាល​ពី​​ដើម​ឆ្នាំ​នេះ។ហេង ជីរ័ន

ក្រុម​ការងារ​បក្ស​ទាំង​ពីរ​ព្រម​ព្រៀង ពី​នីតិវិធី​ដក​មន្ត្រី​ដឹក​នាំ គ.ជ.ប

Tue, 11 November 2014

ភ្នំពេញៈ ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​រៀចំ​ការ​បោះ​ឆ្នោត​នឹង​ដក​ចេញ​ពី​តំណែង​ដោយ​សភា ប្រសិន​បើ​ពួក​គេ​ប្រព្រឹត្ត​ឬ​ធ្វើ​អ្វី​ខុស​ច្បាប់​នៅ​ក្នុង​តួនាទី​ដែល​ជា​អាជ្ញា​កណ្តាល​អព្យាក្រឹត។

បន្ទាប់​ពី​កិច្ច​ប្រជុំ​កាល​ពី​ម្សិល​មិញ​នៅ​រដ្ឋសភា ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន ដែល​ដឹក​នាំ​ដោយ​លោក ប៊ិន ឈិន និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ដោយ​លោក គួយ ប៊ុនរឿន ប្រាប់​អ្នក​កាសែត​ថា ថ្នាក់​ដឹក​នាំ​និង​សមាជិក គ.ជ.ប ដែល​បង្កើត​ដោយ​សភា ក៏​ត្រូវ​តែ​អាច​ដក​វិញ​បាន​ដោយ​សភា​ដែរ។

លោក ប៊ិន ឈិន ថ្លែង​បន្ត​ថា៖ «ថ្ងៃ​នេះ​យើង​បាន​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន ជជែក​អំពី​ការ​ដក​សមាជិក គ.ជ.ប។ បញ្ហា​ដក យើង​ទុក​ឲ្យ​សភា​ធ្វើ ហើយ​នីតិវិធី​ដទៃ​ទៀត យើង​បាន​សម្រប​សម្រួល​គ្នា​រួច​ហើយ។ ការ​ដក​ប្រធាន អនុ​ប្រធាន គ.ជ.ប ដែល​មិន​ធ្វើ​ទៅ​តាម​ច្បាប់​គឺ​ថា សភា​អាច​បណ្តេញ​ចេញ​ពី​ព្រោះ​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​សភា​ព្រោះ​គាត់​ត្រូវ​បាន​តែង​តាំង​ដោយ​សភា»។

លោក​បន្ត​ថា សមាជិក គ.ជ.ប នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង​ដោយ​សភា​ដោយ​សំឡេង​ដាច់​ខាត ឬ ៥០ បូក ១ នៃ​សភា។

លោក គួយ ប៊ុនរឿន បាន​បញ្ជាក់​ដែរ​ថា ការ​ពិភាក្សា​អំពី​ច្បាប់​ស្តីពី គ.ជ.ប ក៏​ជិត​បញ្ចប់​ទាំង​ស្រុង​ដែរ ការ​ពិភាក្សា​នឹង​ត្រូវ​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ ឯ​ចំណុច​ដែល​នៅ​សល់​ទុក​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូល​សម្រេច។

លោក ប៊ុនរឿន បាន​បន្ត​ថា៖ «យើង​ព្រម​ព្រៀង​គ្នា​លើ​ចំណុច​ជា​ច្រើន ដែល​មិន​ទាន់​ឯកភាព​គ្នា។ យើង​ត្រូវ​តែ​ពិភាក្សា​ច្រើន​ជាង​នេះ ពាក់​ព័ន្ធ​នឹង​វិធី​ធ្វើ​ការងារ និង​ការ​ធ្វើ​សេចក្តី​សម្រេច​របស់ គ.ជ.ប រូបមន្ត​អ្វី​ដែល​យើង​យក​ដើម្បី​បញ្ចៀស​ភាព​ជាប់​គាំង​នៃ​ដំណើរ​ការ»។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ ខុម ហ្វ្រែល គាំទ្រ​ការ​ដក​សមាជិក គ.ជ.ប ប៉ុន្តែ​ថា សមាជិក គ.ជ.ប មិន​ត្រូវ​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​ដក​ចេញ​ពី​តំណែង​ទេ ហើយ​សភា​ត្រូវ​តែ​ការពារ ប្រសិន​មាន​ការ​ចោទ​ប្រកាន់​មិន​សម​ស្រប។

លោក គល់ បញ្ញា បាន​បន្ត​ថា៖ «គ.ជ.ប ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​សភា។ ប្រសិន​បើ​ធ្វើ​អ្វី​ខុស ពួក​គេ ត្រូវ​តែ​ហៅ​មក​សួរ។ មន្ត្រី គ.ជ.ប ប្រសិន​បើ​សភា​កោះ​ហៅ​ត្រូវ​តែ​មក​ឆ្លើយ។ កាល​ពី​មុន គ.ជ.ប មិន​ដែល​មក​ឆ្លើយ​ទេ​នៅ​ពេល​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​កោះ​ហៅ។ ប៉ុន្តែ​យើង​មិន​រៀបចំ​នីតិវិធី​គំរាម គ.ជ.ប ទេ ប្រសិន​បើ​បញ្ហា​នោះ​មិន​ធ្ងន់​ធ្ងរ»៕

Full source: The Phnom Penh Post